កន្លងមកថ្មីៗចិនទទួលបានជៅគជ័យនៅក្នុងការផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល ដោយបានធ្វើការហោះហើរសាកល្បងផ្លូវឆ្ងាយជាលើកចុងក្រោយ មុនពេល ដឹកអ្នកដំណើរ។ ក្រៅពីនេះចិនក៏បាន ផលិតរថយន្តដើរដោយថាមពល អគ្គិសនីដើម្បីកាត់បន្ថយការបញ្ចេញជាតិពុលនៅក្នុងបរិយាកាស ក្នុងពេលដែលទីក្រុងធំៗនៅក្នុងប្រទេសចិនប្រឈមនឹង ផ្សែងអ័ព្ទ គ្រប់ដណ្តប់យ៉ាងក្រាស់ ប៉ះពាល់ដល់សុខ ភាពពលរដ្ឋ។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិត រថយន្ត Geely ចាប់ផ្តើមដំណើរការ ផលិត រថយន្តហោះរបស់ខ្លួន ក្រោយពេលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Terrafugia ។
ក្រុមហ៊ុនរថយន្ត Zhejiang Geely Holding Group បាននិយាយថា ខ្លួននឹង ចេញ លក់រថយន្តហោះដំបូងរបស់ខ្លួននៅឆ្នាំ២០១៩ ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពី ក្រុមហ៊ុនចិន បានសម្រេចចិត្តទិញក្រុម ហ៊ុន Terrafugia ដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts ដែល កំពុងបង្កើតរថយន្ត បែបនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ china mail នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
Geely បាននិយាយថា ខ្លួននឹងទទួល បាននូវប្រតិបត្តិការ និងទ្រព្យសម្បត្តិទាំង អស់ របស់ក្រុមហ៊ុន Terrafugia ហើយ បានទទួលការយល់ព្រមជាចាំបាច់ទាំង អស់ សម្រាប់កិច្ច ព្រម ព្រៀងនេះ រួមទាំងគណៈកម្មាធិការវិនិយោគបរទេស នៅ ក្នុងសហរដ្ឋអាមេរិក។ ទោះជា យ៉ាងណាក៏ ដោយ វាមិនបានបង្ហាញពីព័ត៌មានហិរញ្ញ វត្ថុណាមួយ នៃកិច្ចព្រមព្រៀងនោះទេ។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយនិស្សិតបញ្ចប់ការសិក្សា ចំនួន៥ នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត។ ក្រុមហ៊ុន Terrafugia បាន ដាក់បង្ហាញម៉ូដែល រថយន្តដំបូងរបស់ខ្លួនដែលមានឈ្មោះថា Transition ក្នុងឆ្នាំ ២០១២ ដោយមានតម្លៃមូល ដ្ឋានប្រហែល ២៧៩,០០០ ដុល្លារ។ នៅឆ្នាំ២០១៣ ក្រុមហ៊ុនបានចេញនូវការ រចនាសម្រាប់ ម៉ូដែល TF-X ថ្មីរបស់ខ្លួនដែលជារថយន្ត ហោះហើរ ដំបូងបង្អស់របស់ពិភពលោក ដែល មានសមត្ថភាពចាប់យក និងចុះចត បញ្ឈរ ៕ ម៉ែវ សាធី