ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Lukaku បំបែកកំណត់ត្រាក្លាយជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិ

ចែករំលែក៖

កីឡាករ Romelu Lukaku ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបែលហ្សុិក ក្រោយទាត់បាល់បញ្ចូលទីមួយគ្រាប់ជួយក្រុមបែលហ្សុិកឈ្នះក្រុមជប៉ុន ១-០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាក្នុងជំនួបមិត្តភាពអន្តរជាតិ ។

កីឡាករវ័យ២៤ឆ្នាំរូបនេះរកបានគ្រាប់បាល់ទី៣១របស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីតែតបាល់បញ្ជូលទីចូលក្រុមជប៉ុនយ៉ាងល្អដោយមានការបញ្ជូនពីកីឡាករ Nacer Chadli។ ៣១គ្រាប់របស់ Lukaku បានធ្វើឲ្យរូបគេឈរលើកំណត់ត្រាគ្រាប់បាល់របស់លោក Bernard Voorhoof និងPaul van Himst ដែលមាន៣០គ្រាប់ក្នុងក្រុមបែលហ្សុិក ។

សូមបញ្ជាក់ថា ជ័យជម្នះលើក្រុមជប៉ុនធ្វើឲ្យបែលហ្សុិកបន្តកំណត់ត្រាមិនដែលចាញ់១៥ប្រកួតជាប់គ្នា ដោយចាញ់លើកចុងក្រោយពេលលេងមិត្តភាពអន្តរជាតិជាមួយអេស្ប៉ាញកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយបែលហ្សុិកក៏ជាបេក្ខភាពខ្លាំងមួយ ដែលបានដណ្តើមកៅអីទៅលេង World Cup នៅប្រទេសរុស្សុីឆ្នាំ២០១៨ខាងមុខ ៕ ដេវីត


ចែករំលែក៖