ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖
«តើបងប្អូនជនរួមជាតិសុខសប្បាយជាទេ?
ចាប់តាំងពីខ្ញុំបានវិលត្រឡប់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៥ វិច្ឆកា កន្លងមកនេះ គឺរវល់ចុះជួបជាមួយបងប្អូនកូនក្មួយកម្មករនៅតំបន់រោងចក្រ 7NG ហើយពីម្សិលមិញ គឺប្រជុំសភាពេញមួយថ្ងៃទៀត។ តែថ្ងៃសៅរ៍នេះ គឺខ្ញុំបានសម្រាកខ្លះហើយ។ ប៉ុន្តែទោះបីមិនមានការងារនៅខាងក្រៅ គឺខ្ញុំនៅមានកិច្ចការបន្តធ្វើខ្លះៗថែមទៀតនៅផ្ទះ។ ខ្ញុំសប្បាយចិត្តដែលបានចៅៗមកលេងថ្ងៃឈប់សម្រាក។
ការងារសំខាន់បំផុតរបស់ខ្ញុំរាល់ថ្ងៃ គឺធានាសុខសុវត្ថិភាពជូនដល់បងប្អូនជនរួមជាតិរស់នៅសុខសប្បាយ ផ្តល់ឱកាសអោយកូនក្មួយ និងចៅៗបានសិក្សារៀនសូត្រគ្រប់ទីកន្លែង និងការពារផលប្រយោជន៍បងប្អូនអាជីវករ ពាណិជ្ជករ អ្នកវិនិយោគគិនប្រកបរបររកស៊ីទទួលទាន និងវិនិយោគនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច រួមជាមួយទេសចរបរទេសផងដែរ។
អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនមុខ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា» ៕