ខេត្តកំពង់ស្ពី ៖ នារីរងគ្រោះម្នាក់បានរួចផុតពីការប៉ុនប៉ងរំលោភ របស់បុរសដែលមានប្រពន្ធកូនរួចទៅហើយ ក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមច្បាប់ ខណៈដែលជនសង្ស័យប្រុងចាប់រំលោភតែនាងរត់គេចខ្លួនរួច។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះបានឡើងកាលល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះនារីរងគ្រោះឈ្មោះ ស.ស.រ អាយុ២២ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ ថន រដ្ឋា អាយុ៣៩ឆ្នាំ រស់នៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងរបស់នារីរងគ្រោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរអំពីដំណើររឿងអស់រយៈពេលពេញមួយថ្ងៃគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុន្តែជនសង្ស័យមិនព្រមឆ្លើយសារភាពថា បានប្រព្រឹត្តនោះទេដោយលើកហេតុផលថា ពួកគេស្គាល់គ្នា និងប្រឡែងគ្នាធម្មតាប៉ុណ្ណោះ។ ចំណែកនារីរងគ្រោះវិញបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនាងនៅក្នុងផ្ទះម្នាក់ឯង ស្រាប់តែជនសង្ស័យរូបនេះ ចូលមកសុំនាងដេកជាមួយ តែនាងមិនព្រម ក៏ចាប់នាងផ្តួល ហើយគំរាមឲ្យនាងដោះអាវ តែនាងមិនធ្វើតាម ជនសង្ស័យក៏ច្របាច់ករបស់នាងប៉ុនប៉ងចាប់រំលោភ ។ ពេលនោះនាងខំរើបម្រះ រហូតរួចផុតពីក្រញាំតណ្ហារបស់ជនសង្ស័យរត់ទៅប្រាប់មេភូមិ ហើយមេភូមិក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅតាមឃាត់ខ្លួនជនសង្ស័យតែម្តង។
តាមការអះអាងរបស់នារីរងគ្រោះថា នាងមានមុតចុងដោះខាងឆ្វេងដោយសារតែខំរើបម្រះចេញពីដៃរបស់ជនសង្ស័យ។ ក្រោយឃាត់ខ្លួនអស់រយៈពេលពេញមួយថ្ងៃបើទោះជាជនសង្ស័យមិនព្រមសារភាពទទួលកំហុសក្តីសមត្ថកិច្ចបានរៀបចំឯកសារបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ