ភ្នំពេញា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ វិច្ឆិកានេះ ធ្វើឡើងនៅក្នុងទីវត្តអារាមអារុណវត្ដី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ ប្រជាពលរដ្ឋស្នើរឲ្យអាជ្ញាធរជួយ ដោះស្រាយរឿង សំរាម លូ ផ្លូវ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងគ្រឿងញៀន។
វេទិកាសាធារណៈនេះបានធ្វើឡើងក្រោមអធិបតីភាព លោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដាអភិ បាលរងរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
លោក ហែម ឡុងសុភក្រ័ សមាជិក ក្រុមប្រឹក្សា រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដងផងដែរស្របពេលដែលឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកានេះបានចំនួន៨ខណ្ឌហើយនោះ ក្នុងនោះរួមមានខណ្ឌជូន ពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែន សុខ ខណ្ឌមានជ័យ ខណ្ឌចំការមន និងខណ្ឌពោធិសែនជ័យសម្រាប់ព្រឹកថ្ងៃ២១វិច្ឆិកានេះ៕ សំរិត