ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោក សុខ ជំនោរបានចូលរោងការជាផ្លូវការហើយជាមួយអ្នកនាង ស្រី រង្សី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ ។ ពិធីមង្គលការនេះធ្វើឡើង៥ថ្ងៃមុនពិធីមង្គលការអតីតសង្សារបស់លោកគឺតារាចម្រៀង សុគន្ធ នីសា ។
មង្គលការរបស់លោក សុខ ជំនោរធ្វើឡើងនៅគេហដ្ឋាន និងបន្តទទួលភ្ញៀវនៅមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែ គេសង្កេតឃើញមិនមានវត្តមានអ្នកសិល្បៈច្រើនកុះករដូចការគិតរបស់មហាជននោះឡើយ។ ក្រោយប្រកាសភ្ជាប់ពាក្យមិនបានប៉ុន្មានខែផង លោក សុខ ជំនោរ បានចូលរោងការជាផ្លូវការហើយ និងបន្ទាប់ពីបែកបាក់ស្នេហ៍ជាមួយតារាចម្រៀង សុគន្ធ នីសា អស់ជាច្រើនឆ្នាំ។ ខណៈដែលសុគន្ធ នីសា ក៏នឹងចូលរោងការនៅ៥ថ្ងៃបន្ទាប់ពីលោក សុខ ជំនោរនេះដែរ។ ភ្ញៀវសរុបដែលអញ្ជើញឲ្យចូលរួមមង្គលការលោក សុខ ជំនោរ និង ភរិយាគឺមានប្រមាណ៦០០នាក់ ក្នុងនោះមានអ្នកសិល្បៈប្រមាណ៦តុប៉ុណ្ណោះ។ លោក បញ្ជាក់ថា ដោយសាលោកខនខាននិពន្ធ បទចម្រៀងជាយូរមកហើយទើបមិនបានទំនាក់ទំនងជិតដិតច្រើនជាមួយអ្នកសិល្បៈ។
លោកថា អ្នកសិល្បៈ ដែលចូលរួមពេលនេះមានតែអ្នកជិតដិតបំផុតប៉ុណ្ណោះ។ លោកដឹងថា អ្នកសិល្បៈជាច្រើនមមាញឹកនឹងការការងារទើបមិនចង់រំខាន។ លោកបន្តថាក្រោយរៀបការលោកមិនទាន់ច្បាស់ពីគម្រោងក្រេបចន្ទទឹកឃ្មុំនៅទៅណានោះទេ អ្វីដែលោកបញ្ជាក់ពីលើកនេះគឺលោក និងភរិយាសម្រេចចិត្តទទួលយកកំណើតកូនភ្លាមៗព្រោះវ័យលោកក៏ច្រើនហើយដែរ។
ចំណែកតារាចម្រៀង សុគន្ធ នីសា វិញនឹងរៀបចំពិធីមង្គលការផ្លូវការរបស់នាងនៅថ្ងៃទី១ ខែធ្នូនេះដោយកម្មវិធីទទួលភ្ញៀវនឹងត្រូវធ្វើឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ សូហ្វីតែលភូកេត្រា។ នាងនឹងរៀបការជាមួយបុរសជាអ្នកជំនួញ មានមុខមាត់ ម្នាក់ផងដែរ។ មង្គលការនេះធ្វើឡើងក្រោយពេលពួកគេចែកផ្លូវគ្នាដើរអស់ពេលជាយូឆ្នាំ៕ វឌ្ឍនា