ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមេមត់ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនតាមដីកា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានចាប់ខ្លួនដោយកម្លាំង ជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកមេមត់ តាមការអនុវត្តដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

ការឃាត់ជនសង្ស័យរូបនេះ ធ្វើនៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ គ.ស ២០១៧ កាលពីវេលាម៉ោង៤ និង៤៥នាទី នៅចំណុចភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នគរបាលស្រុកមេមត់បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងផែនប្រឆាំងគ្រឿងញៀន និងលោក អនុសេនីយ៍ឯក បេង ឬទ្ធី នាយប៉ុស្តិ៍នគរបាលជាំក្រវៀន ។

ដោយយោងតាមដីកាលេខ១៦៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ របស់លោក សុខ លី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តត្បូងឃ្មុំ បង្គាប់ចាប់ខ្លួនឈ្មោះ ម៉ប់ អាង ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ និងមានទីលំនៅភូមិ-ឃុំខាងលើ ចោទប្រកាន់ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិឃ្មួរ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមបញ្ញតិ្តមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្នជំនាញសមត្ថកិច្ចស្រុកមេមត់បានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនល្មើស ខាងលើទៅឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីបន្ត ៕ វណ្ណៈ


ចែករំលែក៖