ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីកៀរម៉ូតូហុងដារឌ្រីមកិនបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូ ទៅប៉ះជាមួយម៉ូតូកង់បី(ឡាំប៉ាតា) បណ្តាលដួលត្រូវម៉ូតូកង់បីកិនពីលើហើយបានបន្តដំណើររត់ជាង១ គីឡូម៉ែត្រទើបឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២០០៤ មុខហាងសែនរីរាយ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំស្រះពង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។និងមានប្រពន្ធឈ្មោះ ប៉ែន សារុន ភេទស្រីអាយុ៣២ឆ្នាំ រោងចក្រ មានភូមិកំណើតនៅភូមិភូមិ ទួលក្រូច ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ជិះម៉ូតូម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CD-0903 ។

ចំណែកម្ចាស់ម៉ូតូកង់បីឈ្មោះ ស សុវណ្ណ អាយុ៣៨ ឆ្នាំ មានមុខរបរសន្តិសុខ និងរត់ម៉ូតូកង់បី(ឡាំប៉ាតា) ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ រីឯម៉ូតូកង់បីពណ៍លឿងពាក់ស្លាលេខ1GS-0991 ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីបើកតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូជនរងគ្រោះមកពីក្រោយស្របទិសគ្នា បានវ៉ាជែងក្នុងល្បឿនលឿន បានទៅប៉ះកៀរជាមួយម៉ូតូកង់បី បណ្តាលឲ្យដួលក៏ត្រូវម៉ូតូកង់បីមកពីក្រោយកិនចំក្បាល បាក់កស្លាប់ភ្លាមៗ បន្ទាប់ពីបង្ក ម៉ូតូកង់បីបានបន្តដំណើរចេញពីកន្លែងរត់មកដល់មុខផ្សារហ្សិនជូរី ក៏ត្រូវប្រជាពលរដ្ធនិងសមត្ថកិច្ចឃាត់បានទាំងម្ចាស់បើកបរកង់បីតែម្តង ទើបឃាត់យកមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហកាជាមួយនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់។ដោយឡែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕ សុខាសែនជ័យ


ចែករំលែក៖