ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូដេញជេរគេថែទាំងកាក់ឡានឲ្យឈប់ទាញដុំថ្មគប់និងផ្ទុះហិង្សារួចរត់ប្តឹងសមត្ថកិច្ចថាគេប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ផឹកស្រវឹងជិះម៉ូតូរេពេញផ្លូវ ហើយបានវ៉ាក់អើជាមួយរថយន្តមួយគ្រឿង ទាស់ពាក្យសំដីគ្នាហើយភាគីខាងម៉ូតូ ក៏ឈប់កាក់រថយន្តហើយបានទាញដុំថ្មមកគប់រថយន្តបណ្តាលឲ្យបែកកញ្ចក់និងធ្វើឲ្យព្រូឡានម្នាក់បែកក្បាល ទើបធ្វើឲ្យជនរងគ្រោះខឹងចុះវាយបណ្តាលឲ្យរបួសសងខាង។

ភ្លាមនោះភាគីខាងម៉ូតូបានរត់មកប្តឹងសមត្ថកិច្ចថាគេប្លន់ម៉ូតូ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ម៉ែន សារុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកឡានដឹកភេសជ្ជៈ ស្នាក់នៅ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ចំណែកព្រូឈ្មោះថាគា ភេទប្រុសអាយុ១៨ ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ។

ចំណែកជនដៃដល់ឈ្មោះអ៊ុក កប ភេទប្រុស អាយុ២៨ កម្មករនៅផែស្ងួត ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះគង់ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករផែស្ងួត មានស្រុកកំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមសម្តីឈ្មោះថា គា ជាអ្នកបើកបររថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខក្រុង ព្រះហីហនុ 3A5407 ដឹកភេសជ្ជៈ មកពីម្តុំស្ពានលីយ៉ុងផាត់ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ហួសផ្លូវរថភ្លើងបន្តិច ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V2040 ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតហើយបានវ៉ាក់អើជាមួយរថយន្ត។

សាក្សីដដែលបានបន្តថា ភ្លាមនោះឈ្មោះ ម៉េន សារុន បានជេរទៅលើព្រូថា អាងាប់ជិះស្រួលតិចបុកគេ។ បន្ទាប់មកភាគីខាងម៉ូតូស្មានតែជេរគាត់ ក៏ជិះម៉ូតូតាមជេររហូតមកដល់មុខផែស្ងួតតេងឡាយ ក៏ឈប់ម៉ូតូកាក់ពីមុខរួចយកដុំថ្ម មកគប់រថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តមួយចំហៀង និងបណ្តាលឲ្យព្រូម្នាក់រងរបួសបែកក្បាល ។ ភ្លាមនោះឈ្មោះ ម៉ែន សារុន ក៏បានចុះពីលើរថយន្តបំណងសម្របសម្រួល តែភាគីខាងម៉ូតូស្ទុះមកវាយទៀត ទើបទ្រាំលែងបានក៏តដៃវាយទៅវិញទៅមក បណ្តាលឲ្យរបួសសងខាង។

បន្ទាប់ពីផ្ទុះហិង្សារួច ភាគីខាងម៉ូតូបានរត់ចោលម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ថាមានគេវាយប្លន់ម៉ូតូទាំងថ្ងៃត្រង់ ភ្លាមនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុសួរនាំ តែត្រូវបានភាគីខាងរថយន្តជិះម៉ូតូមកប៉ុស្តិ៍ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ច។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសម្របសម្រួលភាគីទាំងសងខាង ៕ សុខាសែនជ័យ


ចែករំលែក៖