ព័ត៌មានទាន់ហេតុការណ៍៖

បាញ់២គ្រាប់ រួចហើយបោះសម្ដីថា ចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ  តែចុងក្រោយបាត់ចង់

ចែករំលែក៖

ភ្នំពេញ៖ បុរសចិត្តសឿងម្នាក់ បានដកកាំភ្លើងខ្លី បាញ់បោះសេរី ចំនួន២គ្រាប់ ហើយហ៊ានបោះសម្ដីដាក់សមត្ថកិច្ចថា ចង់បាញ់១០គ្រាប់ ក៏គ្មានបញ្ហាដែរ ។ ប៉ុន្តែនៅទីបំផុត បែរជាបាត់ចង់ទៅវិញ ខណៈសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍បាញ់បោះយ៉ាងសេរីកណ្ដាលក្រុងភ្នំពេញ ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០និង១០នាទីយប់ ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានបុរសម្នាក់ បានបើករថយន្តម៉ាក ឡិចស៊ីស LX៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មកឈប់នៅក្បែរផ្ទះនាយឧត្តមសេនីយ៍ ហើយបើកការបាញ់បោះចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលអន្តរាគមន៍ ដែលឈរជើងនៅក្បែរនោះ ក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្តទៀតថា មុនពេលសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាន ជនសង្ស័យដែលជាខ្មាន់កាំភ្លើងរូបនេះ បានបោះសម្ដីមិនសមរម្យដាក់សមត្ថកិច្ចដោយពោលថា ខ្លួនបាញ់២គ្រាប់លេង ហើយខ្លួនចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ។ បើទោះជាជននេះអះអាង ឬសម្ញែងឫកធំ ឬអាងខ្នងយ៉ាងណាក៏ដោយចុះ កម្លាំងសមត្ថកិច្ចនៅតែឃាត់ខ្លួន និងរថយន្តមួយគ្រឿង ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាក ឡុក ពណ៌ខ្មៅ១ដើម ដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលនៅមិនឆ្ងាយពីទីតាំងកើតហេតុ។

ក្នុងករណីខាងលើនេះ ភ្ងាក់ងារសារព័ត៌មាន នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណបុរសរូបនេះឡើយ ហើយសមត្ថកិច្ចក៏មិនហ៊ានបញ្ជាក់លម្អិតជុំវិញរឿងនេះផងដែរ ដោយម្នាក់ៗ បានត្រឹមដាក់ការសង្ស័យថា ខ្មាន់កាំភ្លើងអាចជាអ្នកមានអំណាច ឬមានខ្នងធំក្រាស់ ទើបហ៊ានបើកការបាញ់ប្រហារដោយមិនញញើតនៅកណ្ដាលទីក្រុងភ្នំពេញបែបនេះ។ មិនតែប៉ុណ្ណោះ រឿងនេះ ហាក់មានការលាក់បាំង ព្រោះសមត្ថកិច្ចមិនហ៊ានបញ្ចេញសាច់រឿង ដោយអះអាងថា សុំពេលធ្វើការសិន។

តែបើតាមប្រភព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ខ្មាន់កាំភ្លើងជាមេធាវីឈ្មោះ សី ដែលមុនពេលកើតហេតុ រូបគាត់ស្រវឹងដែលទើបតែចេញពីកម្មវិធីមង្គលការ ។

សូមជំរាបផងដែរថា នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធ២លើក និងករណីផ្ទុះអាវុធមិនបានសម្រេច១លើក។ ករណីទី១ ក្រុមចោរ២នាក់ បានបាញ់ប្លន់យកលុយពីបុរស២នាក់ បណ្ដាលឲ្យជនរងគ្រោះរងរបួសនៅខណ្ឌមានជ័យ ប៉ុន្តែខ្មាន់កាំភ្លើងជាចោរប្លន់ម្នាក់ ត្រូវប្រជាពលរដ្ឋកាត់ក្ដីម្នាក់មួយដៃមួយជើង បណ្ដាលឲ្យស្លាប់។

ករណីទី២ គឺមានករណីបម្រុងផ្ទុះអាវុធ ឬផ្ទុះអាវុធមិនបានសម្រេចនៅមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ដោយបុរសម្នាក់ បានស្ទុះទៅទាញកាំភ្លើងពីសមត្ថកិច្ចនៅប៉ុស្ដិ៍យាមខាងមុខស្ថានទូត​ បម្រុងបាញ់ទៅក្រុមស្ទាវពីរនាក់ ប៉ុន្តែបាញ់មិនចេញ(អាមេមិនដើរ) ក៏ត្រូវក្រុមក្មេងស្ទាវវាយបណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង។ ករណីនេះ តាមសេចក្ដីរាយការណ៍បណ្ដាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានកំហឹងជម្លោះជាមួយក្មេងស្ទាវ ហើយករណីទី៣ គឺ ខ្មាន់កាំភ្លើងហ៊ានបាញ់បោះដោយសេរីនៅផ្លូវព្រះមុនីរ៉េតដោយមិនញញើតច្បាប់សូម្បីតែបន្តិច៕ ស រស្មី


ចែករំលែក៖