ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ដកខ្សែក្រវាត់វាយបុរសម្នាក់ ទ្រាំលែងបាន រត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលដែលប្រចាំការនៅស្ថានទូតវៀតណាមមកអាមេបាញ់មិនចេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលម្នាក់ ដែលប្រចាំការនៅមុខស្ថានទូតវៀតណាម ដោយខឹងយុវជន២នាក់បានដកខ្សែក្រវាត់វាយខ្លួនបណ្តាលឲ្យបែកក្បាល តែជាប់សោបាញ់មិនចេញ។

ហេតុការណ៍នេះ បានកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១៨ ខែធ្នូ ឆ្នាំ ២០១៧  នៅមុខស្ថានទូតវៀតណាម ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងហុងដា c125 បានដេញវាយបុរសម្នាក់តាមផ្លូវព្រះមុនីវង្ស រហូតបែកក្បាលដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ខណៈដល់ចំណុចមុខស្ថានទូតវៀតណាមជនរងគ្រោះបានឈប់ម៉ូតូដើម្បីឲ្យមន្ត្រីនគរបាលយាមនៅមុខស្ថានទូតនោះជួយ តែយុវជនទាំង២នាក់នោះនៅតែព្យាយាមវាយមកលើរូបខ្លួនទៀត ដោយទ្រាំលែងបានក៏រត់មកទាញកាំភ្លើងអាកាពីមន្ត្រីនគរបាលដែលយាមនៅមុខស្ថានទូតវៀតណាមនោះហើយក៏បម្រុងបាញ់តែជាប់សោបាញ់មិនចេញភ្លាមៗនោះយុវជនទាំង២នាក់ក៏បានរត់គេចខ្លួនបាត់តែម្តង៕ ស រស្មី


ចែករំលែក៖