ខេត្តកំពង់ស្ពឺ៖ សត្វព្រៃនៅមានជីវិតចំនួន១០ក្បាល និងសាច់ជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ចចម្រុះ ចុះដកហូតចេញពីផ្ទះបើករកស៊ីខុសច្បាប់ចំនួន២កន្លែង ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ប្រតិបត្តិការនេះ បានចុះអនុវត្តកាលពីម៉ោង១ និង០៥នាទីរសៀល ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ការបង្ក្រាបទីតាំងលក់ដូរសត្វព្រៃខុសច្បាប់ទាំង២កន្លែងនេះ អនុវត្តតាមដីកាលេខ៣១៤៦រ.ប/២០១៧ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ របស់លោកហង់ ស៊ីថា ប្រធានតុលាការខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអ៊ូ ផាត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានការសហការ និងចូលរួមមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខគិរីរម្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីអង្គការវ៉ាយអេត។
ដីកាតុលាការនោះ បានបង្គាប់ឲ្យឆែកឆេរលំនៅឋានចំនួន២ ដែលលួចលាក់ធ្វើសន្និធិ និងសំណាកសត្វព្រៃដោយខុសច្បាប់។ ម្ចាស់ផ្ទះទាំង២ រួមមានទី១ឈ្មោះ-ឯម សុភី ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច បានរកឃេីញ និងដកហូតពង្រូល (រស់)៣ក្បាល ស្មើ៤,៥០គីឡូក្រាម, កន្ធាយ(រស់) ០២ ក្បាល ស្មើ១,៨០គីឡូក្រាម,ពង្រូល (ងាប់)០១ក្បាល ស្មើ៧,០០គីឡូក្រាម.កន្ធាយ(ងាប់)០៤ក្បាល ស្មើ៨,៣០គីឡូក្រាម.សាច់ជ្រូក ព្រៃ(ស្រស់)ស្មើ១៤គីឡូក្រាម, ជើងសត្វកេះ០៤(ស្រស់)ស្មើ១,៨០គីឡូក្រាម .រោមក្ងោកស្មើ១,០០គីឡូក្រាម។ ទី២-ម្ចាស់ផ្ទះឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច រកឃេីញនិងដកហូតបានពង្រូល (រស់)០១ក្បាល ស្មើ ២,០០គីឡូក្រាម .អណ្តេីក(រស់)០៤ក្បាល ស្មើ ៧,២០គីឡូក្រាម .ស្រកាសត្វពង្រូល ស្មើ ២,៨០គីឡូក្រាម។
បច្ចុប្បន្នម្ចាស់លំនៅដ្ឋាន ត្រូវបានសមត្ថកិច្ចអប់រំ និងឲ្យធ្វេីកិច្ចសន្យាបញ្ឈប់ការរកស៊ីលក់ដូរសត្វព្រៃខុសច្បាប់បន្តទៀត។
ចំណែកសត្វនៅរស់ចំនួន១០ក្បាល ត្រូវបានយកទៅព្រលែងនៅមជ្ឈមណ្ឌលលទ្ធកម្មនៅខេត្តកោះកុង ។ ដោយឡែកសត្វងាប់ និងសំណាកសត្វព្រៃ ត្រូវបានយកមកដុតកម្ទេចចោលនៅសាលាដំបូងខេត្តកំពង់ស្ពឺ៕ សេនាស័ក្តិ