ព័ត៌មានទាន់ហេតុការណ៍៖

សិស្សពូកែទូទាំងប្រទេស២០រូបទទួលអាហារូបករណ៍១,៥ម៉ឺនដុល្លារក្នុងម្នាក់ពីកម្មវិធី Smart Edu

ចែករំលែក៖

ភ្នំពេញ៖ សិស្សពូកែទូទាំងប្រទេសចំនួន២០រូប បានទទួលអាហារូបករណ៍មានតម្លៃជាទឹកប្រាក់រហូតដល់១៥,០០០ដុល្លារ ក្នុងម្នាក់កម្មវិធីSmartEdu ។ ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ។

Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍នៅ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីសិស្សចំនួន២០រូប ដែលនឹងទទួលបានអាហារូបករណ៍១០០ភាគរយសម្រាប់ការសិក្សានៅតាមសាកលវិទ្យាល័យនានាតាមរយៈកម្មវិធីអាហារូបករណ៍SmartEdu ដែលជាកម្មវិធីទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។កម្មវិធីអាហារូបករណ៍ SmartEdu ត្រូវបានដាក់ឲ្យដំណើរការដោយជោគជ័យកាលពីឆ្នាំមុនដោយមានសិស្សចំនួន១០នាក់ទទួលបានអាហារូបករណ៍និងប្រាក់ឧបត្ថម្ភគិតជាទឹកប្រាក់ចំនួន១៥,០០០ដុល្លារសហរដ្នអាមេរិកក្នុងមួយនាក់សម្រាប់ចំណាយលើការរស់នៅអំឡុងពេលសិក្សាហើយក្រុមហ៊ុនSmart បានបង្កើនចំនួនអាហារូបករណ៍ដល់សិស្សរហូតដល់២០រូបក្នុងឆ្នាំ២០១៧។ ជាងនេះទៅទៀតអាហារូបករណ៍ចំនួន១០កន្លែងក្នុងចំណោមអាហារូបករណ៍ទាំង២០កន្លែងត្រូវបានបម្រុងទុកយ៉ាងពិសេសសម្រាប់សិស្សដែលមានផែនការរៀនមុខវិជ្ជាទាក់ទងនឹងបចេ្ចកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅឯវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT)។

លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្រ្តី្កក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមក្នុងពិធីប្រកាសសិស្សអាហារូបករណ៍ថ្មី ដែលប្រព្រឹត្តទៅនៅអាគារ Raintree ថា៖“កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន Smart ដើរតួនាទីសំខាន់ក្នុងការធានាថានិស្សិតឆ្លាតវៃនិងដែលមានសក្ដានុពលបំផុតអាចបន្តការសិក្សារបស់ខ្លួនដោយមិនអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននោះទេ”។លោកបណ្ឌិតហង់ជួនណារ៉ុនបានបន្ថែមទៀតថា៖“ស្របពេលដែលគុណភាពអប់រំក្នុងប្រទេសកម្ពុជាបន្តកើនឡើងដូច្នេះយើងមើលឃើញអំពីភាពចាំបាច់ក្នុងការបំពេញតាមសេចក្តីត្រូវការនៃការអភិវឌ្ឍប្រទេសជាតិផងដែរ។មួយផ្នែកនៃតម្រូវការនេះគឺវិស័យបចេ្ចកវិទ្យាគមនាគមន៍និងព័ត៌មានដែលជាផ្នែកមួយមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងជីវិតប្រចាំថ្ងៃ។ដោយសារក្រុមហ៊ុនSmart មានភាពឈានមុខគេក្នុងវិស័យនេះដូច្នេះកម្មវិធីអាហារូបករណ៏SmartEdu របស់ខ្លួនប្រាកដណាស់នឹងក្លាយជាកតាលីករសម្រាប់សិស្សនានាដែលកំពុងសំឡឹងចង់ចាប់អាជីពក្នុងវិស័យនេះ”។

សិស្សដែលទទួលបានអាហារូបករណ៍ទាំង២០នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនជាង១០០នាក់ ទូទាំងប្រទេស ។ក្រៅពីទទួលជំនួយហិរញ្ញវត្ថុពួកគេនឹងទទួលបានឱកាសផ្សេងៗ ដូចជាការចូលរូមកម្មវិធីអភិវឌ្ឍន៍របស់ក្រុមហ៊ុនSmart ក៏ដូចជាក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនព្រមទាំងលទ្ធភាពទទួលបានការងារធ្វើនៅក្រុមហ៊ុនSmart បន្ទាប់ពីបញ្ចប់ការសិស្សារបស់ខ្លួនប្រកបដោយជោគជ័យ។

លោកថូ ម៉ាសហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ខណៈដែលក្រុមហ៊ុន Smart បន្តភាពឈានមុខគេក្នុងវិស័យឧស្សាហកម្មទូរគមនាគមន៍ និងជាអ្នកគាំទ្រដ៏ខ្លាំងក្លាសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ដូច្នេះជាធម្មតាយើងត្រូវបន្តអភិវឌ្ឍអ្នកមានទេពកោសល្យសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត។កម្មវិធីអាហារូបករណ៍SmartEdu គឺជាផ្នែកមួយសំខាន់ក្នុងគោលដៅរបស់យើងដើម្បីក្លាយជាជើងឯកប្រចាំប្រទេស”។លោកថូម៉ាសហ៊ុនបានបន្ថែមទៀតថា៖“ខ្ញុំមានក្តីសប្បាយរីករាយដែលថ្ងៃនេះយើងទទួលបានសិស្សចំនួន២០នាក់ថែមទៀតដែលសុទ្ធសឹងជាអ្នកមានទេពកោសល្យកំពូលថ្នាក់ជាតិដើម្បីបញ្ចូលទៅក្នុងកម្មវិធីអាហារូបករណ៍SmartEdu។ក្រុមហ៊ុនSmart មានកិត្តិយសដែលបានរួមចំណែកជាវិជ្ជមានសម្រាប់យុវជនជំនាន់ថ្មីរបស់កម្ពុជាហើយបានគាំទ្រសិស្សទាំងនេះដើម្បីឲ្យពួកគេបានបន្តការសិក្សាខ្ពស់មួយកម្រិតទៀត។យើងសង្ឃឹមថាអាហារូបករណ៍នេះនឹងជំរុញឲ្យពួកគេសម្រេចបានជោគជ័យកាន់តែប្រសើរ”។

សម្រាប់កញ្ញា ឡាយ ជាវីតា អាយុ១៧ឆ្នាំ និងលោករុន សីហា អាយុ១៨ឆ្នាំ ជាសិស្សពីររូបដែលទទួលបានអាហារូបករណ៍ SmartEdu សម្រាប់ឆ្នាំ២០១៧វិញ បានលើកឡើងថា អាហារូបករណ៍របស់Smart នេះនឹងអនុញ្ញាឲ្យពួកគេមានក្តីស្រមៃកាន់តែធំ៕ វឌ្ឍនា


ចែករំលែក៖