ព័ត៌មានទាន់ហេតុការណ៍៖

ឈឺពោះ​ឆ្លង​ទន្លេ​​តាម​ផ្លូវ​បានកូនប្រុស១ដោយសុវត្ថិភាព ​ពេទ្យ​ឆ្មបមកទាន់​ជួយ​សម្រាល​ផងដែរ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ កម្មការិនី​ រោងចក្រតំបន់សេដ្ឋកិច្ចពិសេស​ឃុំ​បិតត្រាំ​ង​ម្នាក់​ បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​ តែ​មក​ពេទ្យ​មិន​ទាន់​ឈឺ​ពោះ​ខ្លាំង​ពេក​ ក៏​បាន​សម្រាលកូន​នៅ​ចិញ្ចើម​ថ្នល់​ កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧​ ។

ស្ត្រីរូបនេះ​មាន​ផ្ទះ​នៅ​ភូមិ​តាលះ​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ពេល​ឈឺពោះឆ្លងទន្លេ ធ្វើដំណើរមកមន្ទីរពេទ្យ​ ដើម្បីសម្រាលកូន ប៉ុន្តែមកមិនទាន់ ក៏សម្រាលកូនខ្ចីតាមផ្លូវ​ ម្តុំខាងមុខរោងចក្របិតត្រាំង ស្រុកព្រៃនប់​ តែម្តង។ ភ្លាមៗ​នោះ​ ដោយ​សារ​វិស័យ​ទូរគម​នាគមន៍​ មាន​ការ​ជឿនលឿន​ ការ​ផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ ក្រុម​គ្រូពេទ្យ​ឆ្មប​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ បាន​ចុះទៅជួយ​អន្តរាគមន៍​ ជួយ​សម្រាលតាមបច្ចេកទេសពេទ្យ​ ទទួល​បាន​សុវត្ថិភាព​ មុននឹងនាំយកមកសម្រាកបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងតាមទូរសព្ទ័ថា ស្ត្រីជាកម្មការីនីរោងចក្ររូបនេះ ឈ្មោះឆៀង ឆវី អាយុ២៣ឆ្នាំ មានប្តីឈ្មោះសេង រុនអាយុ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។ ចំណែកកូនតូចដែលទើបសំរាលនៅតាមផ្លូវនេះ ជាកូនប្រុស និងជាកូនទី៣ ដោយដាក់ឈ្មោះថា សំណាង មានទម្ងន់២,៨គីឡូក្រាម។

បច្ចុប្បន្ន ទាំងស្ត្រីជាម្តាយ និងទាំងទារក គ្រូពេទ្យអះអាងថា មានសុខភាពធម្មតា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖