ខេត្តមណ្ឌលគិរី៖ សពក្មេងជនជាតិព្នង ដែលលង់ទឹកអូរស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នោះ ត្រូវបានរកឃើញហើយ ដោយនគរបាលជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលមានចម្ងាយពីកន្លែងលិចទឹកនោះប្រហែល២០០ម៉ែត្រ ហើយកម្លាំងជំនាញបាន បានបញ្ជាក់ថា គឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះទុយ ង៉ា អាយុ១១ខែ ជនជាតិព្នង ឪពុកឈ្មោះ ផលី ទុយ អាយុ៣៥ឆ្នាំ ជនជាតិព្នង និងម្តាយឈ្មោះ ស្រើល ញើង អាយុ២២ឆ្នាំ ជនជាតិព្នងមានទីលំនៅភូមិពូតាំង សង្កាត់រមនារម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោកបន្តថា នៅមុនកើតហេតុ ក្រុមក្មេងពួកបងៗកុមាររងគ្រោះបាននាំគ្នាទៅលេងនៅមាត់អូរ នាំគ្នាចុះងូតទឹក ទុកប្អូនចោលលើច្រាំងម្នាក់ឯង ពេលបងៗមករកប្អូនស្រាប់តែបាត់មិនឃើញ ។ លុះដល់ម៉ោង១២និង៤៥នាទី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ទើបរកឃើញសាកសពក្មេងរងគ្រោះដែលមានចម្ងាយពីកន្លែងបាត់ខ្លួនប្រមាណ២០០ម៉ែត្រ នៅទើរនឹងគល់ឈើក្នុងទឹកអូរ។
សពកុមាររងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិ និងបញ្ចុះនៅឯកន្លែងកើតហេតុតែម្តង៕ សហការី