ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋតំបន់អភិវឌ្ឍន៍បឹងកក់២២គ្រួសារឯកភាពមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសឈប់ការតវ៉ាតាមដងផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោក ឃួង ស្រេង រួមជាមួយសហការី និងមន្ត្រីជំនាញ បានជួបសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិ ដីធ្លី ជូនប្រជាពលរដ្ឋ២២គ្រួសារ នៅតំបន់បឹងកក់ក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា «ដូចអ្វីដែលយើងបានដឹងរួចមកហើយថា បញ្ហាបឹងកក់ គឺជាបញ្ហាស្មុគស្មាញ ដែលមិនត្រឹមជាបញ្ហាបច្ចេកទេសត្រូវដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានេះបានលាយលំជាមួយនឹងចរិកនយោបាយ ដែលមានការគំាទ្រពីក្រុមមាននិន្នាការ ប្រឆាំងមួយចំនួនតូច។ យ៉ាងណាមិញ ដើម្បីផ្តល់ការអភិវឌ្ឍពិតប្រាកដ ជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ ២០០៥មក រាជរដ្ឋាភិបាល បានសម្រេចអភិវឌ្ឍន៍តំបន់នេះ ដោយឈរលើមូលដ្ឋាន ៣សំខាន់ គឺ (១) សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ (២) អនាម័យ-បរិស្ថាន (៣) នគរូបនីយបញ្ញត្តិ»។

ជាក់ស្តែងថ្ងៃនេះ គឺជាលទ្ធផលដែលយើងបានប្រឹងប្រែងរួមគ្នា ដោយធ្វើការប្រៀបធៀបទិដ្ឋភាពអតីតកាល និងបច្ចុប្បន្ននៃតំបន់បឹងកក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់២២គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិ ដែលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធានាដោយច្បាប់ ការពារដោយរដ្ឋ ពោលគឺមិនមែនជាការកាន់កាប់ខុសច្បាប់ដូចពេលមុនឡើយ។

លោក មាន ចាន់យ៉ាដា បានថ្លែងបន្តថា ៖ នៅពេលនេះបងប្អូន អាចទទួលយកប័ណ្ណកម្មសិទ្ធិទៅប្រើប្រាស់ ដោយស្របច្បាប់ អាស្រ័យផលលើដីរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិបងប្អូន អាចយកទៅប្រើប្រាស់ក្នុងន័យបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងកាសឱនោះដែរ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិរួចហើយ សូមបញ្ឈប់ការដើរតវ៉ាតាមផ្លូវសាធារណៈតទៅទៀត រឿងដីធ្លី តាមការញុះញង់របស់ជនមួយក្តាប់តូច ដែលជាការបម្រើនយោបាយរបស់ក្រុមមនុស្សមួយចំនួន ហើយប្រសិនបើបងប្អូននៅតែតវ៉ាមិនពាក់ព័ន្ធក្នុងរឿងដីធ្លីនោះ គឺបងប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ បងប្អូនត្រូវតែថែរក្សានូវសុខសន្តិភាពសាធារណៈ ដើម្បីការអភិវឌ្ឍ គឺយើងមិនចង់សង្គមយើងក្លាយជាសង្គមអនាធិបតេយ្យ សង្គមមួយដែលមានតែការតវ៉ា ការបំផ្លាញ ការធ្វើសកម្មភាពនៅតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ គឺយើងចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយប្រកបដោយសុខសន្តិភាព ប្រកបរបររកស៊ីចិញ្ចឹមជីវិត នៅតាមមុខរបររៀងៗខ្លួន។

លោក មាន ចាន់យ៉ាដា បានថ្លែងថា ក្នុងនាមអភិបាលរាជធានី និងក្នុងនាមលោកផ្ទាល់ សូមអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ និងសូមផ្តាំផ្ញើដល់បងប្អូនត្រូវចេះរក្សាទុកឱ្យបានត្រឹមត្រូវ ដោយត្រូវចាំទុកថា ជាទ្រព្យសកម្មរបស់ក្រុមគ្រួសារខ្លួន ពិសេសត្រូវប្រើប្រាស់ឱ្យចំគោលដៅ ជៀសវាងការបាត់បង់ដោយប្រការណាមួយ។

ជាមួយគ្នានេះដែរ អ្នកស្រី មាស ដាណែត តំណាងប្រជាពលរដ្ឋបឹងកក់ បានសម្តែងនូវការសប្បាយរីករាយដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបានថ្លែងអំណរគុណរដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយដោះស្រាយឲ្យពួកខ្ញុំបានទទួលប្លង់ដីស្រប​ច្បាប់ត្រឹមត្រូវ។ លោកស្រី បានបញ្ជាក់ថា បញ្ហាតំបន់បឹងកក់នេះ នៅសល់ចំនួន៧គ្រួសារទៀត ដែលដោះស្រាយមិនទាន់ត្រូវគ្នា។

ចំណែកលោក ចាន់ ពុទ្ធិស័ក្តិ ជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បឹងកក់ ដែលទទួលបានប្លង់ដីមួយប្លង់ដែរនេះ បានថ្លែងថា «ខ្ញុំមានការសប្បាយរីករាយដែលទទួលបានប័ណ្ណកម្មសិទ្ធិ ពីអាជ្ញាធររាជធានីភ្នំពេញ និងអរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជំរុញការដោះស្រាយបញ្ហាដីធ្លីក្នុងតំបន់បឹងកក់ រហូតឈានទៅដល់ការផ្តល់ប្លង់កម្មសិទ្ធិជូនពួកយើងខ្ញុំទាំងអស់គ្នា ៕ សំរិត


ចែករំលែក៖