ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្សព្វផ្សាយឡើងវិញនូវអត្ថបទដែលសម្តេចតេជោសរសេរកាលពីឆ្នាំ២០១៦ ដែលជាខួប៤០ឆ្នាំ ថ្ងៃរៀបការរបស់សម្តេចតេជោ។
សម្តេចបានថ្លែងថ្លា៖
«ដោយថ្ងៃនេះជាខួប ៤២ ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំ (៥ មករា ១៩៧៦-៥ មករា ២០១៨) ខ្ញុំសូមផ្សាយឡើងវិញនូវអត្ថបទដែលខ្ញុំ
សរសេរកាលពីឆ្នាំ ២០១៦ ដែលជាខួប៤០ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕
គូព្រេងមិនព្រាត់
អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ
(វគ្គ១)
ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៏ពិពាហ៏របស់ខ្ញុំ និងភរិយា (៥មករា១៩៧៦-៥មករា២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ទវាជារឿងធម្មតាខ្លាំងណាស់សំរាប់ជីវិតមនុស្សទូទៅ តែសំរាប់ខ្ញុំនិងភរិយាវាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថាចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។ ខ្ញុំគួរចាប់ផ្តើមពីចំណុចថា តើខ្ញុំនិងភរិយាស្គាល់គ្នានិងជួបគ្នាដោយរបៀបណា? គ្រូទោះទាយតែងតែទោះទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយនៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅ នៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀបភូមិសាស្រ្តនៃ ភូមិ ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថា ភូមិខ្ញុំនៅក្រោមខ្សែទឹកនៃភូមិភរិយាខ្ញុំ៣ទៅ៥គីឡូម៉ែត្រឯណោះ។
ពេលនេះខ្ញុំនិយាយដល់រឿងរ៉ាវដែលបានកើតក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ នៅប្រមាណដើមឆ្នាំ១៩៧៣អង្គភាពរបស់ខ្ញុំត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំ ថ្មពេជ្រ ឃុំស្រែសៀម។ល។ បន្ទាប់ពីបានប្រយុទ្ឋនៅលើសមរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួលខេត្តក្រចេះមកស្រុកមេមត់និងស្រុកពញ្ញាក្រែកខេត្តកំពង់ចាម ដែលពួកខ្ញុំប្រយុទ្ឋភាគច្រើនជាមួយកងទ័ពឈ្លានពានវៀតណាមខាងត្បូងនិងកងពេលខ្លះជាមួយកងទ័ពអាមេរិក និង វៀតណាមខាងត្បូង សំខាន់ក្នុងឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧១។
ពេលនោះខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់សូម្បីតែឈ្មោះក៏មិនដែលស្គាល់ឬឮផង។ ល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែយុទ្ឋជនរបស់ខ្ញុំម្នាក់ដែលទើបនឹងចេញពីព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាមកប្រាប់ខ្ញុំថា សោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ (សោគឺជាបងថ្លៃស្រី) ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់ និងឱយយុទ្ឋជនរូបនេះជួយចិត្តផ្លែចេកព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។
ស្អែកឡើងមានយុទ្ឋជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មានិយាយរឿងនេះដូចគ្នា និងជាបន្តបន្ទាប់មានយុទ្ឋជន កម្មាភិបាលកាន់តែច្រើន និយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ឋជនរបស់ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខ អ្នកគ្រូពេទ្យរហូតយុទ្ឋជនខ្លៈហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យ អ្នកគ្រូពេទ្យក្រមុំខឹងនិងខ្ញុំយ៉ាងខ្លាំង។
នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើយើងមិនមានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការប្រកបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះសុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ គាត់ជាមនុស្សសំខាន់ម្នាក់ដែលដឹងរឿងរ៉ាវក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់បានប្រពន្ឋក្មេង។
ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការប្រយុទ្ឋទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរខួបលើកទី៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ។ ពួកយើងបានវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជាររបស់បងប្រុស សុក សារឿន ត្រូវវាយពីទិសខាងជើង ដែលពេលនេះគឺជាតំបន់គល់ស្ពានគីស្យូណា។ យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ យុទ្ឋជនមួយចំនួនពលីជីវិត មួយចំនួនទៀតត្រូវរបួសដែលបងប្អូនទាំងនោះត្រូវបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ដែលជាមន្ទីរពេទ្យកំពុងមានបញ្ហាជាមួយខ្ញុំ។
សូមបញ្ជាក់ថា ការប្រយុទ្ឋយប់ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជាលើកដំបូងហើយ ដែលខ្ញុំវាយជាមួយកងទ័ពខ្មែរគ្នាឯងតាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាមេរិកនិងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ឋរាប់សិបលើកមុនៗគឺវាយជាមួយកងទ័ពឈ្លានពានអាមេរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំ ស្អំ អំពុកក្រែក។ល។ នៅពេលកម្មាភិបាលយុទ្ឋជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មា ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់និងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ឋមិត្តដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយមាននំអន្សមចេកចែកជូន២ម្នាក់ស្មើៗគ្នាដោយគ្មានការរើសអើងអង្គភាព។ ចុងក្រោយទើបខ្ញុំទៅសួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបានអូសផងលីផងយកចេញពីសមរភូមិនាព្រឹកថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣។ សំឡាញ់ម្នាក់នេះកំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ វាយទ័ពអាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃដំបូងនៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។ គាត់គឺជាមនុស្សកំប្លែងស្ងួត សំឡាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា “សែន” ពេលនោះខ្លះហៅ “សែន” ខ្លះហៅ “បូណាល់”) គ្រូពេទ្យ ”រានី” ពិតជាស្អាត។ បើឯងមិនត្រូវការទេទុកឱ្យអញដណ្តឹងយកតែប្រហែលជាទៅមិនរួចទេបើអញខ្មៅយ៉ាងនេះដូចក្អែកពាំពងមាន់ ហើយព្រោះរ៉ានីសស្អាតណាស់។ ពេលឮឈ្មោះ ”រានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹងជាអ្នកណាគេ? សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែងនារីដែលឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរសំឡាញ់ខ្ញុំថាអាឆ្កួត។ ដោយប្រញ៉ាប់ឆ្លងទន្លេពីឃុំក្រូចឆ្មា ដែលជាទីតាំងមន្ទីរពេទ្យទៅឃុំពាមកោះស្នាដើម្បីសួរសុខទុក្ខឳពុក ម្តាយ ក្រុមគ្រួសារដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញ៉ាប់ចាកចេញពីមន្ទីរពេទ្យដោយមិនទាន់ស្គាល់មុខរ៉ានីយ៉ាងណាផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាចមានរឿង។ នេះលើកទីមួយហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយមកបានក្លាយជាភរិយាខ្ញុំរយះពេល៤០កន្លងមកនេះ។
ហេតុតែនិស្ស័យ ខំប្រឹងគេចវេស ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ចិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរ ខ្លាចជួបមុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនិងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាងរ៉ានីវិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់ហើយសុទ្ឋតែក្រមុំកម្លោះដូចគ្នាមិនដែលស្គាល់គ្នាតែមានការគិតដូចគ្នា គឺខ្ញុំបានស្នើរសុំមេបញ្ជាការរបស់ខ្ញុំបង សុខ សារឿនដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មា។ ប្រហែល២ថ្ងៃក្រោយរ៉ានីបានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិឱ្យខ្ញុំប្រញ៉ាប់ទៅកាន់ស្រុកក្រូចឆ្មាដើម្បីដោះស្រាយការយល់ច្រឡំនេះ។
ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំទទូចសុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មានាពេលល្ងាចនោះតែម្ដង។ ដោយយល់ចិត្តនាយទាហ៊ានថ្នាក់ក្រោមដែលជួយការងារគាត់យ៉ាងច្រើនលើការងារ ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្តនិងសាច់ញាតិនារីម្នាក់ដែលគាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រឡប់មកវិញទាំងយប់។
ពួកយើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ពីឃុំបឹងព្រួលស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មា ស្រុកក្រូចឆ្មាដោយម៉ូតូហុងដា CL90។ សុំបញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គគឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ តំបន់ដែលខ្ញុំរស់នៅគឺតំបន់២១ ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០។ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ២០៣ និង ៣០៤។ សំរាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅនឹងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។ ក្រោយមកទៀតបង្កើតស្រុកមួយទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួលដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មាស្ថិតក្នុងស្រុកពាមជីលាំងដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មាដែលពួកយើងទៅដល់ទីនោះមុនម៉ោង ៥ល្ងាច។
ភ្នែកខ្ញុំប្រឹងរកមើលតើនារីមួយណាទៅឈ្មោះរ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យនិងសង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាទេ គ្រូពេទ្យលើកបាយសម្លរមក ខ្ញុំលួចមើលមុខនិងខ្សឹបសួរប្រធានមន្ទីរពេទ្យថាតើមួយណាឈ្មោះរ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំបានសុំមេបញ្ជាការរបស់ខ្ញុំទៅសួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។
(សូមរង់ចាំអានវគ្គ២)
សូមជនរួមជាតិ ជាពិសេសយុវជន តាមដានរឿងភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” នៅក្នុងបណ្តុំ Video clips តាមលេខរៀង។ សង្ឃឹមថានឹងបានជាប្រយោជន៍ចែកចាយសម្រាប់ការស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ខ្ញុំ។ សូមអរគុណ។ » ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ