ខេត្តមណ្ឌលគិរី៖ ករណីកាប់បំផ្លាញឈើលក្ខណៈទ្រង់ទ្រាយធំដោយជនជាតិវៀតណាមនៅតំបន់អូរហ៊ុច ស្ថិតក្នុងស្រុកកែវសីមា ព្រំប្រទល់ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ក្រោមបញ្ជាដោយនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ដោយដឹកនាំចុះប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ, លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងតាំងពីម៉ោង៥ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងបទល្មើសជាក់ស្តែងពីសកម្មភាពអារ ផ្តួលរំលំ ដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកតំបន់អូរហ៊ុច មានទាំងការឈូសឆាយធ្វើផ្លូវសម្រាប់ជាមធ្យោបាយឈ្មួញវៀតណាមដឹកឆ្លងទៅតាមអូរយ៉ាងរលូន បែបជាអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធនៅតំបន់នោះ។ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម៨រូប និងចាប់យកវត្ថុតាងមានរថយន្តបាកុង រថយន្តកែច្នៃចំនួន៨គ្រឿង ជាមួយនឹងឈើមូលជាង១០០កំណាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី។ ក្រោយមកក៏បានប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងតិចមានមន្ត្រី ថ្នាក់ដឹកនាំទាំងស៊ីវិល និងសមត្ថកិច្ច តុលាការជិត៤០នាក់ បានពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ដោយអំពើពុករលួយ ក្នុងបទផ្សំគំនិត ស្ថិតក្រោមការបញ្ជានេះជាដើម ។
បើទោះបីបច្ចុប្បន្នសំណុំរឿងមួយនេះ ត្រូវបានដកតួនាទីថ្នាក់ដឹកនាំសមត្ថកិច្ច មន្ត្រីរាជការ និងជំនាញមួយចំនួនក៏ដោយ ប៉ុន្តែថ្មីៗនេះ បែរជាលេចឮផងដែរថា លោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក បានពាក់ព័ន្ធនឹងសំណុំរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចនេះ ថែមទាំងល្បីតៗគ្នាថា លោកគង់ វីរៈ មិនត្រឹមតែស្លន់ស្លោក្នុងសំណុំរឿងនេះប៉ុណ្ណោះទេ គាត់ថែមទាំងប្រើអំណាច តួនាទី ខ្ចីបុលលុយក្រុមឈ្មួញឈើដើម្បីរត់ការបញ្ចៀសឲ្យផុតពីការទទួលខុសត្រូវនៃបទល្មើសនេះ។ ទន្ទឹមនឹងលោកគង់ វីរៈ ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវបានមន្ត្រីសាលាដំបូងខេត្តបង្ហើបថា អាចជាការកោះហៅណាមួយពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ខណៈរឿងនេះ គឺជាកម្មវត្ថុដ៏ធំធេងបំផុតរបស់គណៈកម្មាធិការជាតិបង្ក្រាបធនធានធម្មជាតិយកចិត្តទុកដាក់ និងតាមដានអំពីដំណើរការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ លោកគង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែកបានប្រាប់ នគរវត្ត តាមទូរស័ព្ទយ៉ាងដូច្នេះថា និយាយរួមខ្ញុំមិនបានពាក់ព័ន្ធក្នុងរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចនោះទេ ការលេចឮថាខ្ញុំខ្ចីលុយឈ្មួញឈើដើម្បីរត់ការនោះ កាន់តែមិនអាចកើតមាន។ លោក គង់ វីរៈ បន្តថា ខ្ញុំក៏ឆ្ងល់ក្នុងរឿងនេះដែរ ។ ដោយឡែក ពាក់ព័ន្ធករណីរាប់ក្បាលឡានឈើយកប្រាក់នៅស្រុកកោះញែក តាមពិតមិនមែនខ្ញុំទេ ពីព្រោះតំបន់នោះ ឈើភាគច្រើនកើតមានបទល្មើសនៅតំបន់អភិរក្ស ដូច្នេះ សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងខាងបរិស្ថានទាំងអស់។ ចំពោះខ្ញុំវិញ សល់តិចតួចណាស់ សើច រួចក៏បិទទូរស័ព្ទ។
បន្ទាប់ពីលោកគង់ វីរៈ ល្បីថា ខ្ចីបុលលុយឈ្មួញដើម្បីរត់ការក្នុងសំណុំរឿងនៅតំបន់អូរហ៊ុច ខណៈគាត់កន្លងទៅជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូររាំង ត្រូវបានគេទម្លាយថា ទទួលនូវប្រាក់សំណូកយ៉ាងច្រើនពីក្រុមអ្នករត់ការ ក៏ដូចជាឈ្មួញវៀតណាម ករណីមានសកម្មភាពកាប់បំផ្លាញឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុចដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមនោះ។ ដោយឡែកលោកប៊ូ ប៊ុនឈាត អធិការនគរបាលស្រុកអូររាំងក៏បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ប៉ុន្តែលោកអធិការមានយីអ៊ុនខ្ពស់ មិនបានឃើញឈ្មោះក្នុងបទល្មើសនេះទៅវិញ។ អ្នកខេត្តមណ្ឌលគិរីបាននិយាយដោយពាក្យចំអកថា សំណាងដែរ ស៊ីចង់បែកពោះ ចុងក្រោយរួចផុតពីសំណុំរឿងនៅតំបន់អូរហ៊ុច។ ករណីនេះចាត់ទុកថា លោកអធិការ សាងបុណ្យជាតិមុនបានល្អ ប៉ុន្តែករណីជាក់ស្តែង ការប្រព្រឹត្តនៅជាតិនេះ មិនអាចទទួលសម្រាប់ជាតិក្រោយបានទេ ព្រោះថា អ្នកសាងបុណ្យ ទទួលបាននូវកុសល អ្នកសាងអំពើបាប ពុករលួយទទួលបាននូវអកុសល ទោសទណ្ឌនៃអំពើប្រព្រឹត្តទៅតាមផ្លូវច្បាប់ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់។ ផ្ទុយទៅវិញ បើគាត់កសាងដោយខ្យល់ ប្រាកដជាទទួលបានមកវិញនូវព្យុះសង្ឃរាមិនខាន។ ថ្មីៗនេះ មន្ត្រីនគរបាលក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងតាមប្រមាញ់មើលអំពីសកម្មភាពរបស់លោកអធិការស្រុកអូររាំង ដែលគាត់មមាញឹកបំផុតបើកឡានចុះឡើង ដោយមិនខ្លាចក្នុងការចំណាយសាំង ប៉ុន្តែមិនមែនយកចិត្តទុកដាក់បង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប៉ុណ្ណោះទេ ។ ធាតុពិតសកម្មភាពលោកអធិការស្រុកអូររាំងធ្វើនេះ គ្រាន់តែបង្អាក់ បង្ហាញពីរូបភាពរបស់ខ្លួន គំរាមកំហែងទៅលើក្រុមឈ្មួញដឹកជញ្ជូនឈើតែប៉ុណ្ណោះ ដើម្បីមានការចរចា ដំឡើងថ្លៃក្បាលឡាន ប្រចាំខែ ។ ចំពោះករណីបង្ក្រាបគ្មានទេ ចំពោះឆន្ទៈលោកអធិការស្រុកអូររាំង ។
ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេសុំការបំភ្លឺពីលោកអធិការនៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ៕ សុខ ខេមរា