ភ្នំពេញ៖ នៅល្ងាច ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា គ.ស២០១៨ វេលាម៉ោង ១៧,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ចាស់ជរា ពិការ និងផ្ទុកមេរោគអេដស៍ សរុបចំនួន ២៥០គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ នៅបរិវេណសាលាខណ្ឌដូនពេញ ។ ចែកអំណោយមនុស្សធម៌រួមមាន៖ អង្ករសរុបចំនួន ២៥០បាវ ស្មើនឹង ៦,២៥០គីឡូក្រាម, ទឹកត្រីចំនួន ១២៥យួរ, ទឹកស៊ីអ៊ីវចំនួន ១២៥យួរ និងថវិកាចំនួន ៥,០០០,០០០រៀល ដោយក្នុងនោះមួយគ្រួសារទទួលបាន៖ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, ទឹកត្រីទឹកស៊ីអ៊ីវ ០១យួរ, និងថវិកាចំនួន ២០,០០០រៀល ។
លោក ប្រធានកិត្តិយស បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តសម្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ពិការភាព និងផ្ទុកមេរោគអេដស៍ជាដើម ថ្វីដ្បិតតែអំណោយពេលនេះ បានឆ្លើយតបនឹងតម្រូវការរយៈពេលខ្លីពិតមែន ប៉ុន្តែវាជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានខ្លះ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតទៀតផងដែរ ៕ ស តារា