ព័ត៌មានទាន់ហេតុការណ៍៖

ដើររកកូនស្រីអាយុ១៦ឆ្នាំមិនឃើញ ម្តាយអស់កម្លាំងដួលសន្លប់លើថ្នល់

ចែករំលែក៖

ភ្នំពេញ : គួរឲ្យខ្លោចផ្សារណាស់ដែលស្ត្រីម្នាក់បានបាត់កូនស្រីទោលអាយុ១៦ឆ្នាំរយៈពេល៥ថ្ងៃហើយមិនឃើញវិលត្រឡប់មកផ្ទះវិញ ខំកាន់រូបថតដើរសួរគេឯងគ្រប់ទីកន្លែង តែរកមិនឃើញ រហូតអស់កម្លាំងល្ហិតល្ហៃបានដួលដាច់ផ្ងារសន្លប់នៅលើថ្នល់ទាំងកណ្ដាលអធ្រាត្រ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៨ នៅ តាមបណ្ដោយផ្លូវលេខ ២០៥ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន ហើយត្រូវអ្នករស់នៅក្បែរនោះជួយយកអាសារគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ ព្រមទាំងទូរស័ព្ទហៅរថយន្តសាមុយ ដឹកទៅកាន់មន្ទីរពេទ្យភា្លមៗ ។

ស្រី្តអភ័ព្វរូបនេះ បានកាន់រូបថតកូនស្រីក្នុងដៃនិងប្រាប់គេឯងទាំងសំឡេងខ្សាវៗថា គាត់ទើបមកពីខេត្ត ហើយបានដើររក កូនស្រីឈ្មោះ កាកា អាយុ 16 ឆ្នាំ ដែលបាត់ពីផ្ទះអស់រយៈពេល ៥ ថ្ងៃមកហើយ ។ ពេលមកដល់ក្រុងភ្នំពេញនេះ គាត់ជិះម៉ូតូឌុបដើររកគ្រប់ទីកន្លែងតែរកមិនឃើញទេ រហូតថ្ងៃនេះ គាត់អស់កម្លាំងខ្លាំងពេកក៏ដេកដួលនៅទីនេះតែម្តងទៅ ។

យ៉ាងណានាពេលនោះ មានបងប្អូនប្រជាពលរដ្ឋរស់នៅជិតនោះបានត្រឹមនាំគ្នាជួយរឹតទ្រូងនិងរឹតប្រេងកូឡាលើខ្លួនប្រាណឲ្យនាងបានឲ្យដឹងខ្លួននិងធូរស្បើយបន្តិច រួចក៏មានរថយន្តសាមុយដឹកស្ដ្រីខាងលើទៅមន្ទីរពេទ្យតែម្ដងទៅ ដោយមិនបានបរិយាយប្រាប់រឿងលម្អិតនៃ ការបាត់កូនក្រមុំអាយុ១៦ឆ្នាំនេះឲ្យគេឯងដឹងនោះទេ ៕ ស រស្មី


ចែករំលែក៖