ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសម្រាលកូននៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈប្តីហេងស៊យបានរត់ចោលបាត់ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុងជួយង្គ្រោះទាន់ពេលវេលា ។
ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរូបនេះ ឈ្មោះ ផាន់សារ៉ន អាយុ៣២ឆ្នាំ ប្តីឈ្មោះ ប៉ា រ៉ា អាយុ៣៣ឆ្នាំ តែបានរត់ចោល ដោយទុកឱ្យស្ត្រីរូបនេះរកស៊ីចិញ្ចឹមកូនទាំងលំបាក ខណៈដែលខ្លួនមានផ្ទៃពោះរហូតគ្មានលទ្ធភាពមកកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន ។ នាងមានកូន៥នាក់ បើគិតពីកូនទើបនឹងកើតនេះ គឺ៦នាក់ទៅហើយ ។ គាត់មានរបរដកព្រលិតចឹញ្ចឹមជីវិត និងគ្មានបងប្អូនណាម្នាក់ទេ ។
លោក សោម ប៊ុណ្ណា អនុប្រធានមន្ទីរពេទ្យបង្អែកពោធិចិនតុងបានឲ្យដឹងថា ក្រោយពេលត្រូវបានជួយសង្គ្រោះក្នុងមន្ទីរពេទ្យរួចមក ទាំងកូន ទាំងម្តាយមានសុខភាពល្អ និងសុខសប្បាយ ហើយក៏ត្រូវបានផ្ដល់សេវាមន្ទីរពេទ្យដោយអនុគ្រោះមិនបង់ថ្លៃទេ ។
បច្ចុប្បន្នស្ត្រីខាងលើកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕ សុខាសែនជ័យ