ព័ត៌មានទាន់ហេតុការណ៍៖

ប្តីសម្លាប់ប្រពន្ធនៅពោធិ៍សែនជ័យ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការ បង្ហើបឱ្យដឹងថា ប្តីដែលសម្លាប់ប្រពន្ធជាកម្មការិនីនៅរោងចក្រ QMI ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន”តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។

គួរបញ្ជាក់ថា អំពើឃាតកម្មសម្លាប់ប្រពន្ធ កាលពីជាងកន្លះខែមុន នៅសង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះ ត្រូវ​កម្លាំងនគរបាល បើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនដៃដល់ នៅខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើង រួមសហការគ្នា កម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា សពស្ដ្រីរងគ្រោះ ឈ្មោះ ​ព្រីម បូផា ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ហើយត្រូវបានប្តីសម្លាប់ស្ថិតនៅ ​ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឱ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួល​លេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុ អ្នកជួលនោះ មិនទាន់បានឱ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល​។

​បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋាន​តាមការបញ្ជាក់ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បានឱ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម​ ដែលប្តីជាអ្នកសម្លាប់។

សម្រាប់ជនដៃដល់បានសារភាពថា មូលហេតុដែលនាំឱ្យខ្លួនសម្លាប់ប្រពន្ធបែបនេះ ដោយសារឃើញប្រពន្ធទៅដេកនៅផ្ទះសំណាក់ជាមួយប្រុសផ្សេង៕ ចេស្តា


ចែករំលែក៖