ភ្នំពេញ៖ សាលាខណ្ឌមានជ័យ បានធ្វើពិធីផ្សព្វផ្សាយគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងគោលនយោបាយគាំពារសង្គម សុខាភិបាល ចំពោះកម្មករ នយោជិក នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាខណ្ឌ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក ម៉ម ម៉ាលី ប្រធានលេខាធិការដ្ឋានក្រុមការងារកសាងគណបក្ស កសាងសហជីពរាជធានីភ្នំពេញ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ អភិបាលរងខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ព្រមទាំងអស់លោកចៅសង្កាត់ នាយនគរបាលប៉ុសិ៍្តរដ្ឋបាល ក្នុងនោះក៏មានការរួមពីសំណាក់អស់លោក លោកស្រីម្ចាស់អាជីវកម្មផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល សហគ្រាស សណ្ឋាគារ រោងចក្រ សិប្បកម្ម។
លោក ពេជ្រ កែវមុនី បានលើកឡើងបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃនេះគណបក្សខណ្ឌ ក៏ដូចជាគណបក្សរាជធានីអញ្ជើញបងប្អូនពូមីងទាំងអស់មកទីនេះ គឺក្នុងគោលបំណងដើម្បីសួរនាំនូវការបញ្ជ្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថាតើម្ចាស់មូលដ្ឋានទីតាំងនិមួយៗ ម្ចាស់ទីតាំងផ្ទះជួល ម្ចាស់ទីតាំងសេវាកម្ម សិប្បកម្មទាំងអស់ ក៏ដូចជាបុគ្គលិក កម្មករទាំងអស់ នៅតាមគោលដៅនិមួយៗនេះ ទទួលបានជ្រាបហើយឬនៅអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែលើកឡើងជារឿយៗតាមពិធីផ្សេងៗ ជាពិសេសពិធីជួបសំណេះសំណាលជាមួយកម្មករ នយោជិក នៅតាមបណ្តាខណ្ឌ។
លោកថា ក្រោយពីពិភាក្សារបស់ក្រុមទាំង៣ លោកបានទទួលបាននូវបញ្ហាជាច្រើនរបស់បងប្អូនរបស់យើងជាមួយនិងម្ចាស់ទីតាំងនិមួយៗទាំងទីតាំងផ្ទះជួល និងទីតាំងមូលដ្ឋានអាជីវកម្ម គឺហាក់បីដូចជាមិនទាន់ជ្រាប ឬក៏មិនទាន់បានអនុវត្តន៍នៅឡើយ ឬក៏នៅរងចាំការណែនាំណាមួយពីអាជ្ញាធរខណ្ឌ ក៏ប៉ុន្តែលោកថាលោកបានណែនាំរួចហើយតាមរយៈកិច្ចប្រជុំជាមួយនិងការិយាល័យជំនាញ ជាមួយនិងលោកចៅសង្កាត់អំពីការធ្វើស្ថិតិ ហើយក៏បានណែនាំដល់ម្ចាស់មូលដ្ឋាននិមួយៗ ជាពិសេសគឺម្ចាស់អាជីវកម្មហ្នឹងតែម្តង។ ដើម្បីប្រកាសចូលបញ្ជីបុគ្គលិកខ្លួនតែម្តងឲ្យបានទាន់ពេលវេលាចៀសវាងការខកខានណាមួយ គឺម្ចាស់មូលដ្ឋានអាជីវកម្មនោះជាអ្នកទទួលខុសត្រូវចំពោះមុខបុគ្គលិករបស់ខ្លួន។
លោក ពេជ្រ កែវមុនី ក៏បានបញ្ជាក់ឲ្យដឹងថា បុគ្គលិកចាប់ពីម្នាក់ក៏ស្រង់ឡើងដែរដើម្បីឲ្យគាត់ទទួលបាននូវគោលនយោបាយគាំពារសង្គម ហើយគោលនយោបាយគាំពារសង្គមនេះ គឺរាជរដ្ឋាភិបាលកម្ពុជាយើងបានប្រកាស់ដាក់ឲ្យប្រើប្រាស់ហើយកាលពីកន្លងទៅនៅវិមានសន្តិភាពនេះជាគោលនយោបាយមួយដែលតែងតែបានគិតគូរដល់កម្មករ និយោជក។
ដោយឡែកលោក ម៉ម ម៉ាលី ប្រធានលេខាធិការដ្ឋានក្រុមការងារកសាងគណបក្ស កសាងសហជីពរាជធានីភ្នំពេញក៏បានលើកឡើងដែរថា ក្រោមពីបានជួបផ្ទាល់តាមរយៈពីក្រុមការងារ យើងឃើញថាប្រធានសាខាបក្ស សហជីពមូលដ្ឋាន ម្ចាស់ផ្ទះជួល តំណាងកម្មករដែលស្នាក់នៅផ្ទះជួល ម្ចាស់អាជីវកម្មនានា យើងខ្ញុំឃើញថា ចំណុចដែលកត់សម្គាល់នោះ គឺចំណុចទី១ត្រង់ថាកម្មករ នយោជិក និងអ្នកបំរើសេវាមួយចំនួននៅមិនទាន់ទទួលបាននូវការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះកម្មករ និងគោលនយោបាយជាតិគាំពារសង្គមចំពោះកម្មករ។ ចំណុចទី២ ត្រង់កម្មករ នយោជិក មួយចំនួនគាត់មានការភ្ញាក់ផ្អើលនូវគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់កម្មករទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធបានទទួលការគាំពារសង្គម។
លោក ម៉ម ម៉ាលី ក៏បានជំរុញឲ្យថ្នាក់មូលដ្ឋានសង្កាត់ភូមិធ្វើយ៉ាងណាបន្តងារផ្សព្វផ្សាយព័ត៌មានគោលនយោបាយគាំពារជាតិដល់កម្មករ នយោជិកបន្ថែមទៀតឲ្យគាត់បានយល់ អំពីគោលនយោបាយនេះ។ លោកក៏បានណែនាំផងដែរ ចំពោះបងប្អូនកម្មករ នយោជិក ឬពលរដ្ឋដែលមានបំណងចង់ចូលជាសមាជិកបក្សនោះ សូមឲ្យទំនាក់ទនងទៅអនុសាខាបក្សសង្កាត់ និងភូមិផ្ទាល់ ដើម្បីជ្រាប។ ក្នុងនោះលោកក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល កុំតម្លើងថ្លៃបន្ទប់ ទឹក ភ្លើង ក្នុងឆ្នាំ២០១៨នេះ៕ តាឡឹម