ខេត្តតាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តសាំយ៉ុង មួយគ្រឿង បើកបុករថយន្តកូរ៉េដឹកសត្វគោ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា រួចរថយន្តសាំយ៉ុងនោះបានជ្រុលទៅប៉ះម៉ូតូហុងដាមួយគ្រឿងទៀតបណ្តាលឲ្យធ្លាក់ផ្លូវពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តសាំយ៉ុងស្លាប់ម្នាក់ឯអ្នកបើកបររថយន្តកូរ៉េ និងអ្នកបើកម៉ូតូហុងដា រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវភ្លាមៗ ។
ឧបទ្ទវហេតុនេះកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃសុក្រ១១រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ ភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
មន្ត្រីនគរបាលចរាចរ ស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស សុគា ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ស្នាក់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពត 1E-0945។ ចំណែកជនបង្កឈ្មោះ សិដ្ឋ វិន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1AL-4098(ស្លាប់) និងអ្នកបើកបររថយន្តកូរ៉េពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2AG-9187មានឈ្មោះ នាង ឆាវ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបរ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃឈើទាល ឃុំតាសឹម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរទៅដល់វាស់វែងនិងបាននាំយកវត្ថុតាងទាំងសងខាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី