ខេត្តកំពង់ចាម៖ ថ្មីៗនេះពលរដ្ឋនិង អាជីវករដែលរកស៊ីលក់ដូរទំនិញបន្លែបង្ការ នៅផ្សារធំនិងផ្សារសាមគ្គី ក្រុងកំពង់ចាម ខេត្តកំពង់ចាមបានអំពាវនាវឲ្យលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមចាត់វិធានការ ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមជាបន្ទាន់កុំឲ្យធ្វើអ្វីៗតាមអំពើចិត្តទៀត ។
ប្រភពពីក្រុមអាជីវករបានឲ្យដឹងទៀតថា គណៈកម្មការគ្រប់គ្រងផ្សារធំនិងផ្សារសាមគ្គីក្នុងក្រុងកំពង់ចាមនៅតែប្រមូល ភាស៊ីពីអ្នកលក់បន្លែបង្ការតាមកញ្ច្រែង កញ្ជើល្អីបំពានទៅលើសារាចរលេខ១១ របស់រាជរដ្ឋាភិបាលយ៉ាងក្រអឺតក្រទម។ ជាងនេះទៅទៀតក្រុមអ្នកទារភាស៊ីក្នុងផ្សារទាំង២កំពុងបន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ដោយសារអាងមានលោក ចាន់ ផល្លី អភិ បាលក្រុងកំពង់ចាមជាខ្នងបង្អែករឹងមាំ។
តាមមន្ត្រីនៅក្នុងសាលាក្រុងកំពង់ចាម បានឲ្យដឹងថា គណៈកម្មការផ្សារធំនិងផ្សារ សាមគ្គី ក្រុងកំពង់ចាមជាមនុស្សរបស់ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ហេតុនេះហើយទើបលោក ចាន់ ផល្លី នៅតែបណ្ដោយឲ្យពួកគេធ្វើអ្វីៗស្រេចតែអំពើចិត្តនិងបំពានទៅលើសារាចរលេខ១១ យ៉ាងងងើល។ ក្រុមអាជីវករនិងពលរដ្ឋលក់ ដូរបន្លែបង្ការផ្សេងៗតាមកញ្ច្រែងកញ្ជើ ល្អី បានឲ្យដឹងថា គណៈកម្មការផ្សារធំនិងផ្សារសាមគ្គីនៅតែបណ្ដោយឲ្យកូនចៅចំនួន៩នាក់ដែលប្រមុលលុយភាស៊ីពីអ្នកលក់ បន្លែបង្ការ និងគ្រឿងឧបភោគបរិភោគ ផ្សេងៗតាមកញ្ច្រែងកញ្ជើល្អី ហើយសូម្បីតែអ្នកលក់តាមចិញ្ចើមថ្នល់ក៏គេទារភាស៊ីដែរ។ ប្រសិនបើអាជីវករឬពលរដ្ឋណាមិនបង់លុយភាស៊ីតាមការកំណត់របស់គណៈកម្មការគ្រប់គ្រងផ្សារធំនិងផ្សារសាមគ្គីទេនោះនឹងត្រូវគេបណ្ដេញមិនឲ្យលក់ឡើយ។
ការដែលលោក ចាន់ ផល្លី អភិបាល ក្រុងកំពង់ចាមឃុបឃិតជាមួយគណៈគ្រប់គ្រងផ្សារធំនិងផ្សារសាមគ្គី ហើយបណ្ដោយ ឲ្យមានការទារភាស៊ីបំពានសារាចរលេខ ១១ស្រេចតែអំពើចិត្តត្រូវបានអាជីវករនិងពលរដ្ឋក្នុងក្រុងកំពង់ចាមរិះគន់យ៉ាងខ្លាំងក្លាហេតុនេះលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាមគួរចាត់វិធានការទប់ស្កាត់ឲ្យ បានទាន់ពេលវេលា។ ជាងនេះទៅទៀតថ្លៃ ផ្ញើកង់ ម៉ូតូគឺគណៈកម្មការគ្រប់គ្រងផ្សារធំនិងផ្សារសាមគ្គីនៅតែយកលើសពីសៀវភៅ បន្ទុកយ៉ាងងងើលដដែលដោយសារតែគេអាងមានលោក ចាន់ ផល្លី អភិបាលក្រុង កំពង់ចាមជាអ្នកឃុបឃិតបើកដៃហើយ មានការបែងចែកផលប្រយោជន៍យ៉ាង សុខស្រួល។ ក្នុងមួយថ្ងៃៗគណៈគ្រប់គ្រងផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម ប្រមូលលុយពីពលរដ្ឋដែលលក់ដូរបន្លែ បង្ការតាមកញ្ច្រែងកញ្ជើល្អី មានម្ទេស ខ្ទឹម ស្លឹកគ្រៃ ដោយបំពានទៅលើសារាចរលេខ១១យ៉ាងក្រអឺតក្រទមបំផុត ។
ដូច្នេះហើយទើបអាជីវករនិងពលរដ្ឋ ដែលលក់ដូរនៅក្នុងផ្សារធំក៏ដូចជាផ្សារសាមគ្គីអំពាវនាវឲ្យលោក គួច ចំរើន ចាត់ វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ឲ្យបានទាន់ពេលវេលា ៕ ហេង សូរិយា