ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​ក្រុមហ៊ុន​KSLM​កិបកេង​ប្រាក់​ក្រុមហ៊ុន​ ត្រូវ​តុលាការ​ដោះលែង​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​កិបកេង​ប្រាក់​ក្រុមហ៊ុន​KSLMជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​លោក​ស្រី​ សុង​ ឆវ័ន្ត​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​ ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​នគរបាល​ខណ្ឌ​៧មករា​ ។

ជនសង្ស័យ​ឈ្មោះ ឈឹម ហាក់​ស៊ីម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​​បុគ្គលិក ផ្នែក​លក់​របស់​ក្រុមហ៊ុន KSLM មាន​ទីលំនៅ​ផ្ទះ​លេខ ៨E0 ផ្លូវ​លេខ​៣ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជនសង្ស័យ​ត្រូវបាន​សម្ថ​កិច្ច​ខណ្ឌ​៧​មករា ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមហ៊ុន KSLM មាន​ទីលំនៅ​ផ្ទះ​លេខ​១៥E0 ផ្លូវ​លេខ​១៩០ ភូមិ​៦ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ន​ន់ ប្រសើរ ជា​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន KSLM ដោយ​ចោទប្រកាន់​ជនសង្ស័យ​ថា បាន យក​សម្ភារ​របស់​ក្រុមហ៊ុន​ទៅ​លក់ កិបកេង​មិន​ព្រម​បង្វិល​លុយ​ចូល​ក្រុមហ៊ុន​វិញ ចំនួន ១៦,០៦៥​ដុល្លារ​។​

ពាក់ព័ន្ធ​ការ​ដោះលែង​នេះ​ ពុំ​ទាន់​ទទួល​បានការ​បញ្ជាក់​ពី​លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ឡើយទេ​ ៕ ចេស្តា


ចែករំលែក៖