ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទនិងជនអនាថា នៅជុំវិញរមណីដ្ឋានវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជុំវិញសួនមិត្តភាពកម្ពុជា-ថៃ និងបោសសម្អាតឲ្យអស់ នូវក្រុមក្មេងញៀនថ្នាំ និងជនអនាថា រួមទាំងស្រ្តីរកស៊ីផ្លូវភេទ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការចុះប្រមូលជនអនាថា និងស្រ្តីរកស៊ីផ្លូវភេទខាងលើនេះ លោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការបន្តការបើកយុទ្ធការ ចុះធ្វើរដ្ឋបាលកន្លែងស្មុកស្មាញសម្បូរទៅការប្រើប្រាស់ថ្នាំញៀន ក៏ដូចជាជនអនាថាពពាក់ពពូនបង្កភាពអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាននោះ ។

ជាកស្តែង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នេះដែរ លោកបានដឹកនាំកម្លាំង ចុះមកសហការជាមួយកម្លាំងមូលដ្ឋាន ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជុំវិញសួនមិត្តភាពកម្ពុជា-ថៃ និងបន្តចុះចាប់អ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់បឹងកក់ ជាលទ្ធផល ឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទចំនួន៧នាក់ អ្នកប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ (ប្រុស) បានបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំផងដែរ ៕ ស តារា


ចែករំលែក៖