ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍២កើតខែ មាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានបង្ក្រាបបទល្មើសជលផលក្នុងតំបន់អភិរក្សរហាលកំព្រីង និងលែងកូនត្រីជិត១តោន ស្ថិតភូមិ-ឃុំសំបួរ ស្រុកមង្គលបូរី។
មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ថា ដោយមានការណែនាំពី ប្រធានរដ្ឋបាលជលផលកម្ពុជាបានដាក់វិធានការលុបបំបាត់បទល្មើសនេសាទជុំវិញបឹងទន្លេសាប ទើបកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបប្រចាំខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យរួមជាមួយសហគមន៍នេសាទថ្មដប បានចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់អភិរក្សជលផលរហាលកំព្រីងដែលមានទំហំ១៧១ហិកតា។
មន្រី្តរូបនេះបញ្ជាក់ថា ការបង្ក្រាបបទល្មើសជលផលក្នុងតំបន់អភិរក្សជលផលរហាលកំព្រីងបានរឹបអូស បំផ្លាញ រុះរើរបាំងសាច់អួន មួយកន្លែងមានប្រវែង២០០ម៉ែត្រ ឡុកមួយកន្លែង និងបរចាប់ត្រីមួយគ្រឿង និងបង្គោលចំនួន៦០ដើម លែងកូនត្រីចម្រុះទម្ងន់ជាង៧០០គីឡូក្រាម ហើយបទល្មើសជលផលដែលបង្ក្រាបត្រូវបានមន្ត្រីជំនាញដុតកំទេចចោល។
ក្រោយពេលពេលបង្ក្រាបបទល្មើសនេសាទនៅតំបន់អភិរក្សជលផលរហាលកំព្រីង ឃុំសំបួរ ស្រុកមង្គលបូរី ប្រជាពលរដ្ឋបាន សំណូមពរសុំឲ្យមន្ត្រីជំនាញត្រូវមានវិធានការបន្តទៀតជាពិសេសបទល្មើសនេសាទ ស្រុកព្រះនេត្រ និងស្រុកមង្គលបូរី ដែលជាប់បឹងទន្លេ ដែលមានបទល្មើសកើតឡើង និងចំណុចអូរគៀនក្រោល និងអូរកំបុត ស្ថិតក្នុង ឃុំរហាត់ ស្រុកមង្គលបូរី ដែលគេដាក់សម្រាស់អូសអួនហិនហោចត្រីអស់ហើយ បើមិនព្រមបង្រ្កាបទេ៕ សហការី