ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការមូលបត្រកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy រៀបចំសិក្ខាសាលាស្តីអំពីអភិបាលកិច្ចសាជីវកម្ម សិក្ខាសាលា ជួយជំរុញការអនុវត្តអភិបាលកិច្ចសាជីវកម្មក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២២ មករា ២០១៨ ៖ សិក្ខាសាលាស្តីអំពី “ការជំរុញការអនុវត្តអភិបាលកិច្ចសាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា” ត្រូវបានសហការរៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល របស់ក្រុមហ៊ុនណាហ្គាវើលដ៍លីមីធីត នៅសាលពិធី Grand Ballroom នៅសណ្ឋាគារណាហ្គាវើលដ៍នៅថ្ងៃនេះ ។ សិក្ខាសាលាពិសេសនេះ ត្រូវបានចូលរួមដោយមន្ត្រីប្រតិភូជាង ១៥០ នាក់ដែលរួមមានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល មន្ត្រីជំនាញអភិបាលកិច្ចសាជីវកម្មអន្តរជាតិ មន្ត្រីប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗក្នុងរាជធានីភ្នំពេញព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

សិក្ខាសាលានេះ មានគោលបំណងបង្កើតការយល់ដឹងអំពីផលប្រយោជន៍ និងសារសំខាន់នៃការអនុវត្តគោលការណ៍អភិបាលកិច្ចសាជីវកម្មប្រកបដោយប្រសិទ្ធភាពក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន ។ ការអនុវត្តអភិបាលកិច្ចសាជីវកម្មបានល្អ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានការលូតលាស់ ហើយវាក៏នឹងធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត និងអាចទាក់ទាញការវិនិយោគបរទេសដោយផ្ទាល់ (FDI) មកកម្ពុជាកាន់តែច្រើន ។

មន្ត្រីប្រតិបត្តិជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy បានឲ្យដឹងថា “មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង មានមោទនភាពដែលបានសហការរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសិលាដ៏សារមានសំខាន់នេះ ។ យើងជឿជាក់យ៉ាងមុតមាំថា អភិបាលកិច្ចសាជីវកម្មល្អ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបានផលប្រយោជន៍ ។ លើសពីនេះ វាបង្កើតឲ្យមានការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ខណៈសកលភាវូបនីយកម្មបន្តនាំពិភពលោកឲ្យកាន់តែជិតគ្នា” ។

ការថ្លែងសុន្ទរកថាបើកសិក្ខាសាលា និងសុន្ទរកថាស្វាគមន៍ ត្រូវបានធ្វើឡើងដោយលោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ។ សិក្ខាសាលាពេញមួយថ្ងៃនេះ មានបទបង្ហាញដ៏មានសារប្រយោជន៍ជាច្រើនដែលពន្យល់យ៉ាងក្បោះក្បាយដោយវាគ្មិនជាតិ និងអន្តរជាតិជំនាញ ។ ​

បទបង្ហាញស្តីអំពីបរិស្ថានវិនិយោគក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងនៃគណៈកម្មការវិនិយោគទុនកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈកញ្ញា ជា យ៉ាអ៊ីម ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្មនៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានធ្វើបទបង្ហាញ និងពន្យល់អំពីតួនាទី និងសមត្ថកិច្ចរបស់គណៈកម្មការមូលបត្រកម្ពុជា ។

លោក Paul Olivera នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងហានិភ័យសម្រាប់ទីផ្សារមូលធនពិភពលោកសាខាអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Morgan Stanley ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយ បានធ្វើបទបង្ហាញអំពីប្រធានបទ “សុចរិតភាព និងអភិបាលកិច្ចហិរញ្ញវត្ថុ” ដោយមានលើកអំពីករណីសិក្សាជាច្រើន ។

បទបង្ហាញរួមគ្នាស្តីអំពីអភិបាលកិច្ចក្នុងប្រទេសកម្ពុជា និងតំបន់ ត្រូវបានធ្វើឡើងដោយដៃគូជាន់ខ្ពស់ប្រចាំតំបន់លោក Dato’ Gan Ah Tee និងលោក Mok Chew Yin ដែលជាអនុដៃគូសម្ព័ន្ធអន្តរជាតិនៃក្រុមហ៊ុន BDO អាស៊ានដែលជាផ្នែកមួយនៃបណ្តាញអន្តរជាតិល្បីមួយដែលមានជំនាញផ្នែកគណនេយ្យសាធារណៈ ពន្ធដារ និងផ្តល់ប្រឹក្សាធុរកិច្ច ។

លោក John Bruce នាយកគ្រប់គ្រងក្រុមហ៊ុន Hill & Associates Ltd ដែលជាក្រុមហ៊ុនឈានមុខគេ ដែលមានជំនាញផ្តល់សេវាកម្មផ្តល់ប្រឹក្សាគ្រប់គ្រងហានិភ័យក្នុងទ្វីបអាស៊ី បានធ្វើបទបង្ហាញស្តីអំពីសារសំខាន់នៃអភិបាលកិច្ចសាជីវកម្មក្នុងក្រុមហ៊ុនសម័យទំនើប ។ .

ជាចុងក្រោយ មន្ត្រីប្រតិបត្តិជាន់ខ្ពស់នៃគណៈកម្មការមូលបត្រកម្ពុជានិងណាហ្គាវើលដ៍ បានផ្តល់វត្ថុអនុស្សាវរីយ៍ដល់វាគ្មិន និងភ្ញៀវកិតិ្តសយទាំងអស់ដើម្បីជាការថ្លែងអំណរគុណ ។ សិក្ខាសាលាដ៏សំខាន់នេះ បានបញ្ចប់ប្រកបដោយជោគជ័យដែលអ្នកចូលរួមទាំងអស់បានយល់កាន់តែច្បាស់អំពីការអនុវត្តអភិបាលកិច្ចសាជីវកម្មសម្រាប់ជាផលប្រយោជន៍ដល់ក្រុមហ៊ុន និងប្រទេសកម្ពុជាទាំងមូល ៕ស តារា


ចែករំលែក៖