ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ព្រំ សារុន ស្នងការរងផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ តំណាងដ៍ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល របស់អង្គភាពដែលបានមកពីការចូលរួមរបស់កងកម្លាំងនគរបាលទូរទាំងខេត្តពោធិ៍សាត់ ព្រមទាំងថវិការបស់ផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យចំនួន ១០ម៉ឺនរៀលថែមទៀត និងទឹកដោះគោឆៅចំនួន ១២កំប៉ុង ជូនលោក ព្រិន្ទបាលឯក សោម រ៉ា មន្ត្រីការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ ដែលមានជម្ងឺទឹកនោមផ្អែមរយៈពេល ០៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជម្ងឺបន្តរបស់លោកនៅផ្ទះ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
លោក ឧត្តមសេនីយ៍ត្រី ព្រំ សារុន ស្នងការរងបានមានប្រសាសន៍ថា ថវិកាបន្តិចបន្ទួចដែលយកមកសួរសុខទុក្ខលោកព្រិន្ទបាល សោម រ៉ា នាពេលនេះគឺជាសិល្បៈនៃការចែករំលែករបស់កងកម្លាំងនគរបាលរួមអង្គភាពស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
លោក ស្នងការរងបានបន្តថា ជាមួយគ្នានេះសុំឱ្យជម្ងឺរបស់លោកបានឆាប់ជាសះស្បើយដើម្បីចូលបម្រើការងារក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនជាតិ មាតុភូមិនិងប្រជាជនក្នុងពេលឆាប់ៗ។ ក្រោយពីបានទទួលនូវថវិកាលោក សោម រ៉ា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានគិតគូរអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ គុណនេះសម្បត្តិដ៏ធំដែលលោកមិនភ្លេចបានឡើយ ហើយ និងយកថវិកានេះមកព្បាបាលជម្ងឺខ្លួនឱ្យបានឆាប់ជាសះស្បើយនិងជូនពរថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងរួមអង្គភាពជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ក្នុងឆ្នាំថ្មីឆ្នាំសកល២០១៨ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ៕ បឹុម ពិន