ក្រុមខ្លាំង Atletico Madrid បានធ្លាក់ចេញពីការប្រជែងពានរង្វាន់អេស្ប៉ាញ Copa del Rey ក្រោយពីចាញ់ក្រុម Sevilla ក្នុងលទ្ធផលទាំងពីរជើង ៥ទល់នឹង២ កាលពីរាត្រីថ្ងៃទី២៣ ខែមករា ដោយក្រុម Sevilla បានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។
កាលពីជើងទីមួយក្រុម Sevilla មកពីតំបន់ Andalusia បានផ្ដួលក្រុម Atletico Madrid ដល់ផ្ទះក្នុងលទ្ធផល ២-១ ហើយជើងទីពីរពួកគេបានយកឈ្នះ ៣-១ ទៀត(សរុបទាំងពីរជើង ៥-២)ដើម្បីកក់កៅអីមុនគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងជំនួបជើងទី២ក្រុមទាំងពីរលេងបានតែ១នាទីកីឡាករ Escudero បានស៊ុតឲ្យក្រុម Sevilla នាំមុខមុន ១-០។ ប៉ុន្តែតារាឆ្នើមរបស់ Atletico Madrid កីឡាករ Antoine Griezmann បានទាត់ផ្លោងពីចម្ងាយរំលងអ្នកចាំទីតាមស្មើបានវិញ។ ចូលវគ្គទីពីរនាទីទី៤៨កីឡាករ Ever Banega បានទាត់ប៉េណាល់ទីឲ្យម្ចាស់ផ្ទះនាំមុខសាជាថ្មី មុនពេលដែល Pablo Sarabia បន្ថែមគ្រាប់ទី៣នៅនាទីទី៧៩។
ជ័យជម្នះធ្វើឲ្យ Sevilla ឡើងទៅចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររង់ចាំការឈ្នះរវាង Valencia ទល់ Alavés, Barcelona ទល់ Espanyol, Leganés ទល់ Real Madrid ដែលត្រូវប្រកួតជើងទីពីរនៅថ្ងៃបន្តបន្ទាប់ ៕ ដេវីត