ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាបធ្វើមិនដឹងករណីរណ្តៅដីក្នុងការដ្ឋានជីកយកអាចម៍ដីទៅលក់មួយកន្លែងនៅស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្កសៀមរាប៖ រណ្តៅដ៏សែនជ្រៅ នៅក្នុងការដ្ឋានជីកយកអាចម៍ដីលក់១ កន្លែងនៅស្រុកប្រាសាទបាគង កំពុងគំរាមកំហែងដល់លំនៅឋានពលរដ្ឋក្បែរៗនោះ និងភ្ញៀវទេសចរជាច្រើនឆ្នាំ ប៉ុន្តែមិនឃើញ មន្រ្តីជំនាញអើពើឡើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ការដ្ឋានជីកយកអាចម៍ដីលក់នេះស្ថិតក្នុងភូមិអន្លង់ ២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងដែល មានថៅកែឈ្មោះ ម៉េង ប៉ូគាង។ ទីតាំងជីក និងដឹកជញ្ជូនអាចម៍ដីលក់របស់ថៅកែរូប នេះមានអាយុកាលច្រើនឆ្នាំមកហើយៗ ពលរដ្ឋនៅទីនោះក៏បានស្នើសុំទៅអាជ្ញាធរ ច្រើនដងហើយដែរឲ្យជួយទប់ស្កាត់ ដើម្បី បញ្ចៀសនូវហានីភ័យផ្សេងៗរាប់ពីអាយុ ជីវិតមនុស្សនិងសត្វពាហនៈឡើងទៅ។ តែជាលទ្ធផលពុំទទួលបានផ្លែផ្កាណាមួយសោះឡើយ។ ផ្ទុយទៅវិញរណ្តៅដីកាន់តែជ្រៅទៅៗរហូតពី២០ទៅ៣០ម៉ែត្រឯណោះ ដែលរណ្តៅទាំងនេះរាល់រដូវវស្សាមាន កន្លែងខ្លះបាក់ច្រោះស្ទើរដល់សសរផ្ទះ របស់ពួកគាត់ទៀតផង ។

ប្រជាពលរដ្ឋម្នាក់ដែលមានលំនៅឋានក្បែររណ្តៅដីខាងលើនោះបានរៀបរាប់ថា រាល់ថ្ងៃពួកគាត់ព្រួយបារម្ភខ្លាំងណាស់ ក្រៅពីអាយុជីវិតចៅៗតូចៗនិងសត្វពាហនៈ ព្រោះរណ្តៅដីដ៏សែនជ្រៅនេះក៏កំពុងគំរាម កំហែងដល់ផ្ទះសម្បែងពួកគាត់មួយចំនួន ផងដែរ។ ពេលខែធ្លាក់ភ្លៀង គឺមានការបាក់ ច្រោះដីស្ទើរដល់ជើងសសរផ្ទះទៅហើយ ខំទៅប្រាប់មេភូមិនិងមេឃុំឲ្យមកមើល ដូចទៅសុំភ្លើងយក្សអ៊ីចឹងបាត់ឈឹង។

ប្រភពបន្តថា ក្រៅពីភ័យខ្លាចរឿងបាក់ច្រោះដីពេលខែភ្លៀងក៏មានផលអាក្រក់ មួយទៀត ដែលអ្នកភូមិយើងពិបាកបំផុត គឺរឿងរណ្តៅដីជ្រៅខ្លាំងពេក។ ដោយសារតែរណ្តៅដីនេះជ្រៅខ្លាំងពេករាល់ពេលខែប្រាំងឡើងអណ្តូងទឹកគ្រប់ផ្ទះរីងស្ងួតអស់ មិនមានទឹកប្រើប្រាស់ទេព្រោះអណ្តូងទឹករាក់ជាងរណ្តៅដីម្លោ៉ះហើយដង្ហើមទឹកវារត់ធ្លាក់ទៅរករណ្តៅដីឯណោះ។ រឿងនេះ បើអ្នកធំៗ ថ្នាក់ខេត្តមិនមកជួយមើលទេ ខែប្រាំងឡើងអ្នកស្រុកពិតជាពិបាករស់នៅឯសត្វគោក្របីមាត់ទាក៏ងាយនឹងងាប់ដែរ។ ងាប់អត់ទឹកផងងាប់ដោយធ្លាក់ចូលរណ្តៅដីផង ។

ប្រភពបន្ថែមថា គ្រាន់តែចង់ឲ្យចៅហ្វាយខេត្តសៀមរាបចុះមកមើលម្តងទោះមិនដោះស្រាយឲ្យក៏ដោយ គឺឲ្យតែគាត់បាន មកឃើញនឹងភ្នែកទៅបានហើយពេល នោះប្រជាពលរដ្ឋអស់ចិត្តហើយ។

ជាការឆ្លើយតប ថៅកែរណ្តៅដីឈ្មោះ ម៉េង ប៉ូគាង បានថ្លែងតាមទូរស័ព្ទថាលោក ទទួលស្គាស់ថាពិតជាមានជម្រៅជ្រៅមែន អាច៨ទៅ៩ម៉ែត្រលើសច្បាប់ដែលកំណត់ ត្រឹមតែ៥ម៉ែត្រ។ តែការជីករណ្តៅដីនេះក៏បានទុកគម្លាតពីព្រំដីផងដែរមិនអាចបាក់ ច្រោះប៉ះពាល់ដល់លំនៅឋានអ្នកភូមិឡើយ។

លោកថៅកែបន្តថា ការធ្វើអាជីវកម្មនេះ គេចមិនផុតពីការលើសលស់អំពីផ្លូវច្បាប់នោះទេ។ តែចំពោះការដឹកជញ្ជូនដីមិនគ្របកៅស៊ូតង់ គឺមិនពាក់ព័ន្ធនឹងលោកឡើយ វាជាកំហុសរបស់ម្ចាស់ឡានទាំងនោះទេ។ ចំពោះថា មានការហាមឃាត់អ្នកកាសែត មិនឲ្យចូលថតរូបភាព គឺជាការណ៍ពិត ព្រោះ អ្នកកាសែតខ្លះមិនមែនចូលទៅថតទេ គឺចូលទៅរករឿងឈ្លោះ។

ចំណែកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប លោក មាស ជូរ៉ានី ឯនោះវិញ បានថ្លែងតាមទូរស័ព្ទផងដែរថាលោកមិនទាន់បានដឹងទេថា មានរណ្តៅដីជ្រៅជាង អណ្តូងទឹករបស់ប្រជាពលរដ្ឋបែបនេះ ។

លោកប្រធានមន្ទីរបន្តថា បើរណ្តៅនោះសុំច្បាប់ត្រឹមថ្នាក់ខេត្តគឺមិនអាចជីកជ្រៅចឹងទេ។ ប៉ុន្តែបើច្បាប់ពីក្រសួង គឺអាចជីកជ្រៅអ៊ីចឹងបាន។

លោកប្រធានមន្ទីរបញ្ជាក់ថា លោកនឹង ចុះទៅមើលប្រសិនបើជីកហួសច្បាប់កំណត់មែននោះ លោកនឹងបញ្ឈប់សកម្មភាពភ្លាម ហើយតម្រូវឲ្យរៀបចំបង់ពន្ធចូលរដ្ឋ។

សូមបញ្ជាក់ថា រណ្តៅដីដ៏សែនជ្រៅដែល ស្ថិតនៅភូមិឃុំខាងលើនេះមិនមែនទើបតែកើតមានត្រឹមរយៈពេល២ឬ៣ឆ្នាំនេះទេ គឺច្រើនឆ្នាំមកហើយអាចថាពី៨ទៅ១០ឆ្នាំ។ ប៉ុន្តែប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀម រាបមិនទាន់បានដឹង។ សង្ឃឹមថាក្រោយ ពេលបានដឹងនឹងចាត់ វិធានការក៏ថាបាន៕ ហេង សូរិយា

 


ចែករំលែក៖