ខេត្តស្វាយរៀង៖ រយៈពេល២ថ្ងៃ មានមនុស្សស្លាប់២នាក់ នៅកន្លែងផ្សេងគ្នា ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ុតូទាក់ដៃចង្កូតគ្នា ចូលរថយន្ត និងរថយន្តបុកអ្នកជិះកង់ពីក្រោយពេញទំហឺងនៅក្រុងបាវិត និងក្រុងស្វាយរៀង ។
យោងតាមនគរបាលចរាចរណ៍ខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ករណីទី១ បានកើតឡើង ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង២៣ នាទីយប់ លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀងមានករណី គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ មិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញាណដោយ បើកបរពីជើងទៅត្បូង បុកជាមួយម៉ូតូម៉ាក ហុងដាគ្លិច ពណ៏ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១CK ០២៦៥ បើកបរដោយឈ្មោះ មិន ម៉ុច ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករខ្សែកាបមិត្តហ្វូន រស់នៅ ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ធ្វើដំណើរពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព បញ្រាស់គ្នារួចប៉ះដៃម៉ូតូហើយខ្ទាតចូលរថយន្តដែលមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឺងបណ្ដាលឲ្យបោកក្បាល និងថ្នល់ហូរឈាមស្លាប់ភ្លាមៗចំណែករថយន្ត និងម៉ូតូម្ខាងទៀតបើកគេចខ្លួនបាត់ស្រមោល។
ប្រភពបន្តថា ករណីទី២ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅលើផ្លូវលំស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក ហ៊ីហិនដាយប្រភេទរថយន្តបែន ដឹកដី ពណ៌ស គ្មានស្លាកលេខ បើកបដោយឈ្មោះ សា អាយលី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តមានទីលំនៅភូមិពោធិវង្ស ឃុំប្រសូតិស្រុកស្វាយទាបស្វាយរៀង បើកបរពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើជាន់ហ្វ្រាំងមិនស៊ីក៏ បានបុកពីក្រោយរួចកិនលើអ្នកជិះកង់ ឈ្មោះ អែម កន ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបណ្ដាលឲ្យស្លាប់ភ្លាមៗ និងកន្លែងតែម្ដង ។
បច្ចុប្បន្ន សាកសពទាំង២ករណីត្រូវបានសមត្តកិច្ចធ្វើកំណត់ ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន