ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ទទួលរងបួសយ៉ាងដំណំ ខណៈត្រឡប់មកពីលាងចានក្នុងកម្មវិធីអាពាហ៍ពិពាហ៍ក្នុងភូមិទាំងកណ្ដាលអធ្រាត ត្រូវជនសង្ស័យម្នាក់ចាប់ចូលទៅក្នុងចំការស្វាយ រួចវាយដំទៅលើស្រ្ដីរងគ្រោះដោយពុំដឹងជាមានមូលហេតុអ្វីនោះ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២៣យប់រំលងអធ្រាត ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ិន ហ៊ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ រីឯស្រ្ដីរងគ្រោះ សុន ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកោះធំ ខេត្តកណ្ដាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះបានទៅស៊ីឈ្នួលលាងចានឲ្យចុងភៅដែលធ្វើម្ហូបនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ រហូតមកដល់ម៉ោង២២និង៣០នាទី កម្មវិធីត្រូវបានបញ្ចប់និងការងារអស់ផងនោះ ស្រ្ដីរងគ្រោះក៏បានសុំមេចុងភៅត្រឡប់មកផ្ទះដោយមកតែម្នាក់ឯងទេ លុះមកដល់ចំណុចកើតហេតុនៅវេលាម៉ោងប្រមាណ២៣យប់ ស្រាប់តែជនសង្ស័យខាងលើបានដើរមកពីក្រោយខ្នងស្រ្ដីរងគ្រោះ រួចទាញស្រ្ដីរងគ្រោះចូលក្នុងចំការស្វាយ រួចច្របាច់ក និងវាយពីទៅបីដៃទៅលើស្រ្ដីរងគ្រោះបណ្ដាលឲ្យរងរបួសត្រង់បំពង់ក ,បែកថ្ងាស និងជាំភ្នែកខាងស្ដាំ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានស្រែកហៅក្រុមគ្រួសារឲ្យជួយ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពោធិ៍បានដើម្បីតាមរកជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ