ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» ដែលពិធីនេះ រៀបចំឡើងនៅមជ្ឍបណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានា នៃការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមក និងផ្ដល់ឱកាសឲ្យមានការជជែកពិភាក្សាលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះអង្គសន្និសីទដែលបានធ្វើក្នុងរយៈពេល ២ថ្ងៃនេះ ដែលសំរេចបានលទ្ធផលដ៏ល្អនៃកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការក្នុងការអនុវត្តន៍ការងាររដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យកាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញដាស់តឿនឲ្យអាជ្ញាធរទាំងអស់ត្រូវអនុវត្តន៍ច្បាប់ មិនត្រឹមធ្វើតែតាមបទបញ្ជារនោះទេ។ សម្តេចតេជោ សូមឲ្យអាជ្ញាធរទាំងអស់ត្រូវចូលរួមខិតខំជាមួយគ្នាក្នុងកិច្ចការអភវិឌ្ឍមូលដ្ឋានដោយមិនចាំបាច់មានឬរង់ចាំតែបទបញ្ជាពីសម្តេចនោះឡើយ។ ជាក់ស្តែងដូចមានករណីផ្លូវខូចខាតបន្តិចបន្តួចគឺមិនចាំបាច់ឆ្លងដល់ក្រសួងសារធារណៈការនោះឡើយគឺត្រូវដោះស្រាយជួសជុលខ្លួនឯងភ្លាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើរឲ្យក្រសួងមហាផ្ទៃរៀបចំឲ្យមានព្រឹត្តិបត្តិសកម្មភាពតាមដានការងារ អភិវឌ្ឍន៍មូលដ្ឋាន ដែលអាជ្ញាធរតាមខេត្តនីមួយៗផ្តល់សេវា និងធ្វើសកម្មភាពផ្សេងៗក្នុងការអភិវឌ្ឍសហគមមូលដ្ឋាន។ ជាពិសេសនៅតាមក្រសួងនីមួយៗ ត្រូវឲ្យមានការចាត់តាំងក្រុមការងារឲ្យបានច្បាស់លាស់ ដើម្បីតាមដានសកម្មភាពការងាររបស់ក្រសួងខ្លួនផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះអភិបាលខេត្តទាំងអស់ត្រូវមានការទទួលខុសត្រូវលើដែនដីរបស់ខ្លួន ត្រូវប្រើសិទ្ធិអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងការអនុវត្តន៍វិធានការផ្សេងៗក្នុងការណីណាដែលមានការប៉ះពាល់មកលើប្រជាពលរដ្ឋ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលទទួលបាននូវការបណ្តុះបណ្តាលអំពីកំណែទម្រងស៊ីជម្រៅត្រូវបន្តខិតខំរួមគ្នាអោយបានជោគជ័យថែមទៀតដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ