ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល20ម៉ឺនរៀលពីម្ចាស់ហាងកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទី យប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចហាយកាហ្វេយីហោ Wring Cafe តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះរថយន្ដតាក់សុីមួយគ្រឿងមិនដឹងមកពីទីកន្លែងណាទេ បានចូលមកផឹកកាហ្វេនៅកន្លែងកើតហេតុ។ ខណៈអង្គុយផឹកកាហ្វេបានប្រហែលកន្លះម៉ោងដោយឃើញឱកាសល្អនិងស្ងាត់ផងនោះ គឺមានតែអ្នកលក់ជានារីពីរនាក់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ូតូម៉ាកHonda SH ពាក់ស្លាកលេខ ភ្នំពេញ 1GJ 8157 មួយគ្រឿង ទូរស័ព្ទម៉ាក Samsungមួយគ្រឿង និងលុយប្រហែល20ម៉ឺនរៀល រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល និងកំលាំងកងរាជអាវុធហត្ថ ចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ