ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត មិនប្រយ័ត្នរវល់រើសទូរស័ព្ទដៃជ្រុះ​ ងើបមកវិញបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការបើកបរគ្មានការប្រុងប្រយ័ត្ននិងរវល់លេងទូរស័ព្ទដៃផងដែលនោះ បានធ្វើឲ្យបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស រវល់តែឱនរើសទូរស័ព្ទដៃរបស់ខ្លួនជ្រុះក្នុងរថយន្តដោយអត់មើលផ្លូវ ស្រាប់តែងើបមកវិញ ក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យ​របាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ និងរថយន្តបង្កខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង​កាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដិយផ្លូវព្រះសីហនុ កែងផ្លូវលេខ143 ដែលសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមសម្ដីបុរសដែលជាអ្នកបើករថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាក ព្រូស ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6198 ម្នាក់ឯង តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ រូបគាត់បានឱនរើសទូរស័ព្ទ ពេលងើបឡើងវិញទាញចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំប្រឆិតក្បាលរថយន្តទាំងកំរោលតែម្ដង បណ្ដាលឲ្យរបាំងថ្មបាក់ចេញពីគ្នាអស់ចំនួន១កង់ ចំណែករថយន្តមិនទាន់អស់ល្បឿន បានបន្តទៅមុខប្រហែល៥០ម៉ែត្រទើបឈប់ ដោយបានដាច់កាឡែរកង់មុខ និងខូចខាតកាងផ្នែកខាងឆ្វេងយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖