ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បញ្ចូនឪពុកចង្រៃមកសាលាដំបូងខេត្តកំពង់ធំពាក់ព័ន្ធបោះកូនស្រីទម្លាក់ពីលើផ្ទះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្ដីចិត្តឃោរឃៅខឹងប្រពន្ធចាប់កូនអាយុ៦ខែគ្រវែងពីលើផ្ទះរងរបួសធ្ងន់ ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជនបង្ករក្នុងភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ពាក់ព័ន្ធករណីខាងលើនេះ លោកអនុសេនីយ៍ត្រី ស្វាយ សុភា នាយផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសណ្តាន់ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុប្តីឈ្មោះ សុខ ម៉ៅ អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះ សា ផល្លី អាយុ២០ឆ្នាំ មិនមានទំនាស់អ្វីនឹងគ្នាទេ គ្រាន់តែឮកូនយំ មិនឃើញប្រពន្ធនៅផ្ទះ ស្រាប់តែបុរសជាឪពុកចាប់កូនគ្រវែងពីលើផ្ទះមកឮសូរតែឌឹបដូចដូងទុំជ្រុះពីលើដើមអញ្ចឹង បណ្តាលឲ្យក្មេងស្រីឈ្មោះ ណាំង ម៉ាលីស មានអាយុទើបតែ៦ខែ ដែលត្រូវជាកូនបង្កើត រងរបួសធ្ងន់ ត្រូវបាននាំយកទៅកាន់មណ្ឌុលសុខភាពសណ្តាន់ ដើម្បីជួយសង្គ្រោះជីវិត ឃើញដូច្នោះ ឪពុកតិរច្ឆានម្នាក់នេះក៏បានរត់គេចខ្លួនបាត់ ហើយក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាប្រពន្ធ ឈ្មោះ សា ផល្លី ប្រាប់ថា មុនកើតហេតុឃើញប្តីដេកមិនទាន់ក្រោកពីដំណេក ក៏ដាក់កូនស្រីឲ្យដេកក្នុងផ្ទះរួចចុះដើរទៅរកដងទឹកយកមកប្រើប្រាស់ ស្រាប់តែឮអ្នកជិតខាងផ្អើលស្រែកឆោឡោថា អា ម៉ៅ វាបោះកូនវាពីលើផ្ទះរបួសធ្ងន់ណាស់ ឥឡូវវារត់គេចបាត់ហើយៗ ក៏រត់ត្រហេបត្រហបមករកកូន ឃើញកូនបែកមុខបែកមាត់អស់ យំឡើងគាំង ត្រូវបានអ្នកជិតខាងជួយឌុបម៉ូតូទៅពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា កុំមិនដឹងជាវាសនាកូនស្រីនាងទៅជាយ៉ាងណានោះទេ ដោយសារស្នាដៃឪពុកវានេះ។

ចំណែកបុរសចង្រៃអគតិជាប្តីឈ្មោះ សុខ ម៉ៅ វិញនោះបន្ទាប់ពីឃាត់ខ្លួនបាន ៗសារភាពថា រូបគេបានផឹកស្រាស្រវឹងស្រឿងៗទាំងព្រឹក ក៏ឡើងទៅសង្ងំដេកនៅលើផ្ទះ ពេលកំពុងតែដេកលក់ ស្រាប់តែឮសម្លេងកូនយំយ៉ាងខ្លាំង ថ្លង់រកតែដេកមិនបាន រកមើលប្រពន្ធក៏មិនឃើញ មិនដឹងថាវាដើរបាត់ទៅណា ធ្វើឲ្យរូបគេខឹងយ៉ាងខ្លាំងក៏ចាប់កូនគ្រវែងពីលើផ្ទះមកដីតែម្តង ។

ករណីនេះ សមត្ថកិច្ចកំពុងតែចងក្រងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖