ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ CHON Kyun Soo ប្រធានស្តីទីក្រុមហ៊ុនទីប្រឹក្សា Yooshin Engineering Corporation នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ CHON Kyun Soo ប្រធានស្តីទីក្រុមហ៊ុនទីប្រឹក្សា Yooshin Engineering Corporation នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Yoosin ដែលក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា ។ តាមរយៈការសិក្សានេះ មានគម្រោងមួយចំនួនត្រូវបានអនុវត្តដោយជោគជ័យរួចហើយ ដូចជាគម្រោងទំនប់ការពារទឹកជំនន់ បាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។ គម្រោងមួយចំនួន បាន និងកំពុងអនុវត្ត ដូចជា ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គម្រោងសាងសង់អាងទឹក ដូនទ្រី ដែលមានតួនាទីតម្កល់ទឹកប្រមាណ ១៩០ លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ឲ្យស្ទឺងមោង និងប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះ និងគម្រោងសាងសង់ ទំនប់សាលាតាអន ដែលមានតួនាទីសម្រាប់ស្រោចស្រពផង និងផ្គត់ផ្គង់ទឹកសម្រាប់ការផលិតទឹកស្អាតក្នុងក្រុងបាត់ដំបងផង ។ ទន្ទឹមនឹងនេះ ក៏មានគម្រោងមួយចំនួនទៀត ក៏បាន និងកំពុងដំណើរការសិក្សា ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រែរាប់ម៉ឺនហិកតា ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏បានជួយការពារ និងកាត់បន្ថយទឹកជំនន់ផងដែរ ។ ទាំងនេះ គឺជាអ្វីក្រុមហ៊ុនបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

លោកសាស្ត្រាចារ្យ CHON Kyun Soo បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុន Yoosin ពិតជាមានមោទនភាព ដោយបានទទួលនូវការគាំទ្រយ៉ាងកក់ក្តៅ និងការវាតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារពីលោករដ្ឋមន្ត្រី ដែលនេះគឺជាថាមពលមួយ ជម្រុញលើកទឹកចិត្តឲ្យក្រុមហ៊ុនលោក បង្កើនសកម្មភាពកាន់តែខ្លាំងក្លាបន្ថែមទៀត លើការងារសិក្សាដើម្បីឈានទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រធំៗនៅកម្ពុជា ៕ សុខខេមរា

 


ចែករំលែក៖