ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណ៍ណាមួយដេញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គម្រោងស្ថាបនាផ្លូវបេតុង ស្របផ្លូវរថភ្លើងខណ្ឌឫស្សីកែវនោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណាមួយដេញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គម្រោងស្ថាបនាផ្លូវបេតុង ស្របផ្លូវរថភ្លើងខណ្ឌឬស្សីកែវ នោះឡើយ ដោយឡែកអាជ្ញាធរ និងខិតខំរកទីតាំងឲ្យបងប្អូនរស់នៅ ក្បែៗនោះ ដោយតម្រូវឲ្យដីទំហំ ៤ម៉ែត្រ គុណនិង១៥ ឬ៤ម៉ែត្រគុណនិង៨ ម៉ែត្រតាមស្ថានភាពជាក់ស្ដែង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាស ដែលលោក និងមន្ដ្រីជំនាញ ពាក់ព័ន្ធ ក្រោមឱវាទ ចុះពិនិត្យស្ថានភាព

ការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវ ចាប់ពី ផ្លូវជាតិ លេខ ៥ដល់ ផ្លូវលេខ ៧០ ក្នុងខណ្ឌឬស្សីកែវ ដោយចាក់ បេតុង ប្រវែង៤៦០០ម៉ែត្រ កំពុងដំណើរការបាន ប្រមាណ ២៥ភាគរយហើយនោះ ខណៈមានមតិប្រជាពលរដ្ឋភាគច្រើន តែងតែបារម្ភថា អាជ្ញាធរនិងដេញពួកគាត់ចេញ ពីតំបន់អភិវឌ្ឍន៏នេះ ដោយមិនមានសំណងអ្វីណាមួយឡើយនោះ ។

ការចុះពិនិត្យការដ្ឋាននេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្សតិ៏ ១៥កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ មិនា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានបញ្ជាក់ថា៖ គោលបំណង ដែលអាជ្ញាធរចុះមកពិនិត្យមើលការដ្ឋាន ស្ថាបនា គម្រោងផ្លូវ ចាក់បេតុង លើកំណាត់ផ្លូរថភ្លើងនេះ គឺ ដើម្បីជម្រុញ ពន្លឿន និងស្ថាបនាបន្តទៀត ដោយមិនផ្អាក់ការដ្ឋាននេះឡើយ ហើយក៏ដើម្បីស្តាប់នូវអ្វីដែលជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើ បណ្តោយផ្លូវនេះផងដែរ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវ ចាប់ពីផ្លូវលេខ ៧០ ដល់ផ្លូវជាតិលេខ ៥ មកដល់ពេលនេះសម្រេចបាន២៥ភាគរយហើយ ។ កំណាត់ផ្លូវដែលបាននឹងកំពុងស្ថាបនានេះមានប្រវែងជាង៤៦០០ ម៉ែត្រ ដោយត្រូវឆ្លងកាត់សង្កាត់៣ គឺសង្កាត់ទួលសង្កែ,សង្កាត់ ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ក្នុងខណ្ឌឬស្សីកែវ។

លោកបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងដែលជាអតីតៈផ្លូវរថភ្លើងគីឡូម៉ែត្រលេខ៦ឬស្សីកែវនេះ កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦ ដោយស្ថាបនាជាផ្លូវធ្វើដំណើរ ដោយយានជំនិះ ដែលអាចជួយរំដោះចរាចរមួយចំណែកធំពីផ្លូវជាតិលេខ៥ចូលមកក្នុងរាជ ធានីភ្នំពេញ ។ តាមគម្រោង ផ្លូវបេតុងនេះមានទទឹង ២២ ម៉ែត្រ ដែលមានសួនច្បារចែកទ្រូងផ្លូវ២ម៉ែត្រកន្លះ និងចិញ្ចើមផ្លូវ៣,៧៥ម៉ែត្រសងខាង។ ចំពោះគម្រោងនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមានបន្ទិលសង្សយ័ថាអាជ្ញាធរនឹងឲ្យពូកគាត់ចេញពីទីនេះ តែក៏មានបងប្អូនភាគច្រើនអបអរសាទរចំពោះគំរោងស្ថាបនាផ្លូវនេះដែលជាផ្លូវបេតុងក្រោយពីដកផ្លូវរថភ្លើងចេញ ។ ប៉ិន្តែទោះបីជា យ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ជាច្រើនដងហើយថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានគោលការណាមួយដេញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចេញពីតំបន់នេះឡើយ ៕ សំរិត


ចែករំលែក៖