ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តដឹកមាន់បុករថយន្តធុនត្រាចតស្ងៀមរួចបន្តទៅបុកចូលកន្លែងលក់ឱសថនិងភេសជ្ជៈថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកមាន់១គ្រឿងទាំងស្ថានភាព ស្រវឹងស្រាហើយបានបើកជ្រុលទៅបុករថយន្តធុនត្រា១គ្រឿង ដែលគេចតទុកស្ងៀម បណ្ដាលឲ្យរងការខូចខាត រួចបានបន្តទៅបុកចូលកន្លងលក់ឱសថ និងភេសជ្ជៈមួយកន្លង ព្រមទាំងកៀរលោកតាអាចារ្យ ម្នាក់បណ្ដាលឲ្យរងរបួសជើងថែមទៀតផង ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មសនបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកមាន់១គ្រឿងម៉ាកគា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2W-9364 បានបើកបរដោយឈ្មោះ ហោង រ៉ាង អាយុ២២ឆ្នាំ មានទីលំនៅភូមិរកា ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើដោយសារតែអ្នកបើកបរស្រវឹងបានរេចង្កូតជ្រុលទៅបុករថយន្តធុនត្រាកំពុងចតស្ងៀម១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AC-3579 បណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅកៀរលោកតាអាចារ្យ ម្នាក់បណ្ដាលឲ្យរងរបួសជើង រួចទើបជ្រុលបន្តទៅបុកចូលឱសថស្ថាន និងលក់ភេសជ្ជៈយីហោ វិមានឯករាជ្យ ទៀតទើបរថយន្តទៅមុខលែងរួច។ បន្ទាប់មកអ្នកបើកបរត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ជូននគរបាលដើម្បីសួរនាំ និងចាត់ការតាមច្បាប់ រីឯរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖