ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងម្ចាស់លក់ចាប់ហួយក្នុងករណីលួចគាស់ផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្ឌៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង៉ូ ហៀង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិប្រសូត្រ១ ឃុំកណ្ឌៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកម្ចាស់ផ្ទះដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះ ផូក ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ចាបហួយមានទីលំនៅក្នុងភូមិ ឃុំខាងលើ ។

តាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចនគរបាលថា មុនកើតហេតុគាត់ និងក្រុមគ្រួសារកំពុងដេកលង់លក់ក្នុងដំណេក ខណៈនោះស្រាប់តែលឺសូរសំឡេងក្ឌុងក្ឌាំងលើដំបូលធ្វើឲ្យគាត់ភ្ញាក់ឡើង មានការសង្ស័យក៏ដើរមកអើតមើលលើដំបូល ដោយខែភ្លឺផង ស្រាប់ឃើញមុខជនសង្ស័យច្បាស់ និងកំពុងធាក់សង្ក័សីទើបគាត់ប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចនគរបាលទាំងយប់តែម្ដង ។

ក្រោយពីសាកសួររួចសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាល ស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

ម្ចាស់ចាប់ហួយ


ចែករំលែក៖