ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីមានអំពើឃាតកម្មបានកើតឡើងរវាងបងប្រុសបង្កើត របស់ខ្លួនដែលមានជំងឺសសៃប្រសាទ យកកាំបិតកាប់កញ្ចាំប្អូនស្រីខ្លួនឯង ស្លាប់ កាលពីវេលាម៉ោង ១និង៣០ រសៀល ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិ ខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ យឺន ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត ជនល្មើសឈ្មោះ សុខ មឿន។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលក់ ស្រាប់តែ ជនល្មើសបានដើរមកពីចំងាយ ហើយក៏ទាញកាំបិតមកកាប់កញ្ចាំជនរងគ្រោះតែម្ដង រហូតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចាប់ឃាតខ្លួនជនបង្កបញ្ជូនទៅអធិការដ្ឋាន នគរបាល ស្រុកបារាយណ៍ដើម្បីសួរនាំ និងចាត់វិធានការ បញ្ជូនបន្ដទៅស្នងការខេត្ត ៕ ប៊ុន រិទ្ធី