ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយប្រុសយកដែកចាបចាក់ពូចំពីក្រោយខ្នងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ អំពើហិង្សាមួយបានកើតឡើងរវាងក្មួយប្រុស នឹងពូបង្កើតចាក់ប្រហារគ្នាដោយក្មួយបានយកដែកឆាបចាក់ពូចំពីក្រោយខ្នងបណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីព្រឹកថ្ងៃ ចន្ទ ៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ សុខ ឡាយ ៣៤ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ សុំ សម្បត្តិ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានបុរស២នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម មានស្លាកលេខ​ ភព១ ប​ ៧២១២​ កុំពុងតជិះម៉ូតូ ស្រាប់តែលឺសំឡេងឈ្លោះប្រកែកគ្នាមិនដឹងថា ជារឿងអ្វី ស្រាប់តែក្មួយបានដកដែកឆាបមកចាក់ពូដែលកំពុងតែបើកម៉ូតូបណ្តាលឲ្យដួលនៅកន្លែងកើតហេតុ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកទៅកាន់អធិកាដ្ឋាននគរបាលខណ្ខចំកាមន។

ចំណែកជនរងគ្រោះភ្លាមៗនោះត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស រស្មី


ចែករំលែក៖