ភ្នំពេញ៖ ដោយសារការបើកបរពិសារគ្រឿងស្រវឹងហួសកម្រិត បានធ្វើឲ្យបុរសម្នាក់ រងរបួសធ្ងន់ បាក់ក្ដោងច្រមុះ ដោយសារតែបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកគូថរថយន្តកូរ៉េមួយគ្រឿងកំពុង ធ្វើដំណើរស្របទិសគ្នា មកឈប់ចាំសញ្ញាភ្លើងស្តុប ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្តុបម៉ុងឌីយ៉ាល់ ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបរម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AR-9898 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៣០ ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្ត១គ្រឿង ម៉ាកកូរ៉េ១តោនកន្លះ ដឹកទំនិញ ខណៈមកដល់ចំណុចស្តុបម៉ុងឌីយ៉ាល រថយន្តបានឈប់ស្តុប ពេលនោះបុរសរងគ្រោះ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង បានជ្រុលបុកគូថរថយន្ត បណ្ដាលឲ្យរងរបួសបាក់ក្ដោងច្រមុះចេញឈាមស្រោចខ្លួន។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តរងគ្រោះ មិនទាមទារសំណងនោះទេ ដោយបើកបន្តដំណើរទៅមុខទៀតបាត់តែម្តង ។ ចំណែកបុរសរងគ្រោះត្រូវបាននគរបាលមូលដ្ឋាន ចុះដល់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯកជនភ្លាមៗតែម្ដង ។
ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ទុកប្រគល់ឲ្យក្រុមគ្រួសារវិញ ៕ ស តារា