ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៤៥នាក់តំណាងឲ្យអតីតយោធិនពិការ៥២០នាក់ប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យរកដំណោះស្រាយគោលរបបប្រចាំខែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយក្រុមមានគ្នា៤៥នាក់មកពី៧ស្រុកក្រុង នៃខេត្តបន្ទាយមានជ័យតំណាងប្រជាពលរដ្ឋ៥២០នាក់ ដោយពួកគាត់អះអាងថា ជាអតីតយោធិនពិការបាននាំប្រមូលផ្តុំ នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដើម្បីឲ្យលោកអភិបាលខេត្តអន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយគោលរបបសន្តិសុខសង្គមយោធិនពិការប្រចាំខែ ជូនដល់ពួកគាត់ ដើម្បីយកមកផ្គត់ផ្គង់ជីវភាព គ្រាដែលពួកគាត់អះអាងថា បានធ្វើជាយោធិនធ្លាក់ខ្លួនពិការហើយបាត់ឈ្មោះ ។

ជុំវិញ នៃការប្រមូលផ្តុំខាងលើពីសំណាក់ប្រជាពលរដ្ឋអះអាងថា ជាយោធិនពិការបើតាមប្រភពពព័ត៌មានពីមន្រ្តីសាលាខេត្តប្រាប់ឲ្យដឹងថា ក្រុមប្រជាពលរដ្ឋទាំងនោះសរុប៥២០នាក់ ធ្លាប់មកសុំអន្តរាគមន៍លោកអភិបាលខេត្តម្តងរួចមកហើយ កាលពីអំឡុងដើមឆ្នាំ២០១៧ ។ នៅពេលនោះអភិបាលខេត្ត ក៏បានធ្វើលិខិតមួយជម្រាបជូនទៅដល់លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីពិនិត្យដោះស្រាយគោលរបបជូនដល់ពួកគាត់ ។

ប្រភពព័ត៌មានមន្រ្តីសាលាខេត្តដដែលឲ្យដឹងទៀត ក្រោយមកគណៈកម្មការបច្ចេកទេសក្រសួងការពារជាតិបានចុះមកស្រាវជ្រាវស៊ើបអង្កេតដល់មូលដ្ឋានប្រជាពលរដ្ឋខាងលើរស់នៅបច្ចុប្បន្ន ហើយបន្ទាប់មកគណៈកម្មការក្រសួងការពារជាតិក៏បានស្រាវជ្រាវរកឃើញថាប្រជាពលរដ្ឋអះអាងជាយោធិនពិការនោះមិនមានលក្ខណៈ និងអត្តសញ្ញាណគ្រប់គ្រាន់ជាយោធិនពិការនោះឡើយ ។ ក្រសួងការពារជាតិក៏បានចេញលិខិតលេខ២៤១ សជណ ជម្រាបមកលោកអភិបាលខេត្តវិញថា យោងតាមអនុក្រិត្យលេខ០៨ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ គឺមុខសញ្ញាប្រជាពលរដ្ឋខាងលើមិនអាចទទួលស្គាល់ជាយោធិនពិការបានឡើយ ។

លិខិតដដែលបានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះពុំទាន់មានសេចក្តីណែនាំឬបទបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាឲ្យប្រមូលមុខសញ្ញាខាងលើមកបញ្ចូលក្នុងក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ទទួលស្គាល់ជាយោធិនពិការដើម្បីផ្តល់របបឧបត្ថម្ភនោះឡើយ ។

សូមបញ្ជាក់ថាក្នុងការប្រមូលផ្តុំពីប្រជាពលរដ្ឋអះអាងថាជាយោធិនពិការខាងលើនៅខាងមុខសាលាខេត្តបន្ទាយមានជ័យនោះផងដែរ អាជ្ញាធរខេត្តក៏បានអនុញ្ញាតឲ្យតំណាងពួកគាត់ចូលជួបជជែកដោយលើកឡើងថា អាជ្ញាធរខេត្តបានខិតខំជួយដោះស្រាយជូនដល់ពួកគាត់នោះហើយ ប៉ុន្តែបញ្ហា ដែលបងប្អូនស្នើសុំនោះគឺខាងក្រសួងការពារជាតិបដិសេធ ។ ប្រជាពលរដ្ឋទាំងនោះបន្ទាប់មក ក៏នាំគ្នាបែកត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយគ្មានប្រើអំពើហិង្សាណាមួយឡើយ៕ សំ វិច្ឆិកា


ចែករំលែក៖