ភ្នំពេញ៖ ករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន និងខ្វះការយោគយល់ឲ្យគ្នា ត្រង់ចំណុចផ្លូវបំបែកជាបួន ខណៈដែរអ្នកបើកបររថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរក្រុមហ៊ុន រិទ្ធិមុន្នី មួយគ្រឿង បើកទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតទាំងព្រឹក នៅចំណុចភ្លើងស្តុបវិទ្យាល័យជា ស៊ីមសន្ធរម៉ុក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបវិទ្យាល័យ ជា ស៊ីម សន្ធរមុ៉ក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវមៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0823 ដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសញ្ញាស្តុបភ្លើងពណ៌បៃតង សម្រាបរថយន្តតាកូម៉ា មានអទិភាព បើកឆ្លងកាត់ឆ្ពោះទៅមុខ ខណៈពេលដែលឆ្លងជិតផុត ហើយស្រាប់តែភ្លើងស្តុបលោតទៅពណ៌ក្រហម ខណៈនោះ ស្រាប់តែមានរថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរក្រុមហ៊ុន រិទ្ធិមុន្នីប្រភេទ៤៥កៅអី មួយគ្រឿង(ជារថយន្តបង្ក) ពាក់ស្លាកលេខ ភ្នំពេញ 3A-7837 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តតាកូម៉ាចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តតាកូម៉ារងការខូចខាតក្រពឹតផ្នែកខាងស្តាំយ៉ាងដំណំ ។ ចំណែកឯរថយន្តក្រុង រងការខូចខាតបែកកាង និងបែកកញ្ចក់ខាងមុខ ហើយមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងតាមជំនាញរួចយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ស តារា