ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍ដោះលែងជនត្រូវចោទក្លែងបន្លំឯកសារ និងឆបោកប្រាក់ឲ្យនៅក្រៅឃុំស្ងាត់ៗ ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មហាជនរស់នៅខេត្តកំពង់ស្ពឺមួយចំនួនដែលបានដឹងរឿង ករណី ក្លែងបន្លំឯកសារ និងឆបោកប្រាក់ជនរងគ្រោះម្នាក់ កំពុងនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញជនត្រូវចោទពីរនាក់មានឈ្មោះម៉ាក ស៊ីនឿន ភេទស្រី អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ាក ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាបងប្អូនបង្កើត រស់នៅក្នុងភូមិព្រៃទួល ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលល្បីខាងឆបោក និងជំពាក់លុយធនាគារជាច្រើននោះ ត្រូវបានសាលាឧទ្ធរណ៍ ដោះលែងឲ្យនៅក្រៅឃុំស្ងាត់ៗ បន្ទាប់ពីរឿងក្តីនេះនៅសាលាដំបូងខេត្ត កំពង់ស្ពឺ ដើមបណ្តឹងឈ្នះក្តីទៅហើយនោះ ។

ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីរសៀលថ្ងៃថ្ងៃ ចន្ទ ១១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨ ហើយមហាជនទាំងនោះបាននាំគ្នានិយាយថាការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះគឺអយុត្តិធម៌ណាស់សម្រាប់ជនរងគ្រោះ ដែលត្រូវបានក្រុមជនទុច្ចរិតប្រើល្បិចកល់ឆបោកយកលុយអស់ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពគ្រួសារខាងដើមបណ្ដឹងយ៉ាងធ្ងន់ធ្ងរ។

សាក្សីបានឲ្យដឹងថា ជនត្រូវចោទទាំងពីរនាក់បងប្អូន បានទៅលួងលោមសុំខ្ចីប្រាក់ពីដើមបណ្ដឹងឈ្មោះ ផូ ឃឿន មានទីលំនៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ មានទឹកប្រាក់សរុបចំនួន៤៣,៥០០$ដែលអះអាងថាយកទៅបើកសាលាភាសាអន្តរជាតិ ទិញរថយន្តដឹកសិស្សនៅឯភ្នំពេញ និងបានសន្យាសងប្រាក់គ្រប់ចំនួនវិញនៅ៣ខែបន្ទាប់។ លុះដល់៣ខែក្រោយមក ជនត្រូវចោទទាំងពីរនាក់បងប្អូន មិនគោរពតាមកិច្ចសន្យានោះទេ ថែមទាំងបានគេចវេសទៀតផង ទើបដើមបណ្ដឹងសម្រេចចិត្តស្នើសុំកម្លាំងមានសមត្ថកិច្ចជួយអនុវត្តតាមនិតិវិធីច្បាប់ជាបន្តរបន្ទាប់រហូតដល់ដំណាក់កាលមានរឿងអយុត្តិធម៌ដល់សាលាឧទ្ធរណ៍បែបនេះ ។

យ៉ាងណាជនរងគ្រោះបានសំណូមពរដល់សាលាឧទ្ធរណ៍សូមមានមានចំណាត់ការតាមនិតិវិធីច្បាប់ឡើងវិញក្នុងករណីឆបោកនេះ ព្រោះ ការសម្រេចឲ្យជនឆបោក នៅក្រៅឃុំ ដោយមិនមានដាក់ប្រាក់ដម្កល់ដើម្បីរក្សាទុកទូទាត់ឲ្យគាត់ជាដើមបណ្តឹងនិងធ្វើឲ្យប៉ះពាល់ដល់ផ្លូវច្បាប់ ជាពិសេសប៉ះពាល់ដល់អារម្មណ៍គាត់ខ្លាំងណាស់និងក្រៅពីនេះវារឹតតែធ្វើឲ្យប្រជាពលរដ្ឋមិនមានជំនឿលើប្រព័ន្ធតុលាការទៀតឡើយ ។

ចំពោះការលើកឡើងរបស់មហាជន និងដើមបណ្តឹងខាងលើនេះ ភ្នាក់ងារនគរវត្ត មិនអាចសុំ ការបញ្ជាក់ពីចៅក្រមសាលាឧទ្ធរណ៍កាន់សំណុំរឿងនេះបានឡើយកាលពីរសៀលថ្ងៃ ១៣ ខែមីនា ឆ្នាំ ២០១៨ នេះ ៕ សហការី


ចែករំលែក៖