ព័ត៌មានទាន់ហេតុការណ៍៖

អគារសំចតរបស់ភ្ញៀវទេសចរណ៍បរទេសក្លាយជាកន្លែងលក់ស្រា បារី និងភេសជ្ជៈគ្រប់ប្រភេទ

ចែករំលែក៖

ប៉ោយប៉ែត៖ អគារសំចត សម្រាប់ភ្ញៀវទេសចរណ៍បរទេស ដែលមានទីតាំងនៅជាប់រង្វង់មូល ច្រកទ្វារព្រំដែអន្តរជាតិប៉ោយប៉ែត ត្រូវបានគេរាយការណ៍ថា បាន និងកំពង់ក្លាយជា កន្លែងលក់ស្រា បារី និងភេសជ្ជៈ គ្រប់ប្រភេទហើយកៅអីដែលដាក់សម្រាប់ ភ្ញៀវអង្គុយរង់ចាំរថយន្តដឹកបន្ត ក៏ត្រូវក្រុមម៉ូតូឌុប ធ្វើជាស្នាក់ការរង់ចាំហៅម៉ូយអស់ទៅហើយដែរ ធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសដែលចូលមក បំពេញបែបបទចូលប្រទេសដើម្បីចូលទៅទស្សនានៅតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា បែរជាត្រូវឈរត្រៀបត្រា ព្រោះគ្មានកន្លែងសំរាកកាយ(ឈ)។

ប្រជាពលរដ្ឋបានលើកឡើងថា គួរតែមានការពង្រីក និងអភិវឌ្ឍទីតាំងអគាររបស់រដ្ឋមួយនេះឲ្យមានសោភណ្ឌភាពល្អ និងឲ្យទូលាយសម្រាប់ភ្ញៀវទេសចណ៍ដើម្បីមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ប្រកួតប្រជែងទៅនឹងប្រទេសជិតខាង ព្រោះថា មើលទៅប្រទេសជិតខាងនៅទីតាំងធ្វើការនិមួយៗ គេពុំដែលឃើញមានការដាក់តាំងលក់នៅគ្រឿងភេសជ្ជៈនោះទេ ហើយមិនគួរណាឲ្យក្រុមអាជីវករមួយចំនួន យកទីតាំងនោះ ធ្វើជាកន្លែងលក់សម្រាប់បុគ្គលឡើយ ។

ប្រភពបញ្ជាក់ថា អ្នកលក់ដូរនៅក្នុងអគារនោះ គឺជាក្រុមគ្រួសារមន្រ្តីសាលាក្រុងប៉ោយប៉ែតទៅវិញ ។

សូមរំលឹកផងដែរថា អគារសំចតខាងលើ គឺជាសមិទ្ធិផលរបស់ធនាគារមួយកន្លែង ចំណាយថវិកាសាងសង់ឡើង សម្រាប់ភ្ញៀវទេសចរណ៍បរទេសអង្គុយរង់ចាំរថយន្តមកដឹកបន្ត ទោះយ៉ាងនេះក្ដី ក៏មិនត្រូវឃុបឃិតគ្នា យកសម្បត្តិរបស់រដ្ឋ ដែលជាជំនួយរបស់បរទេស ទៅធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍បុគ្គល និងក្រុមគ្រួសារ បែបនេះឡើយ។

ពាក់ពន្ធ័នឹងការរិះគន់ខាងលើ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជយ័លោកឈឿន សេរីវុធ មានប្រសាន៍តាមទូរស័ព្ទថា បញ្ហានោះតាមប្រសាសន៍លោកសាន ស៊ានហូរ អភិបាលក្រុង លោកឲ្យក្រុមអាជីវករលក់ដូរនៅទីនោះបណ្ដោះអាសន្នសិន ដើម្បីសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ មិនមែនឲ្យលក់ជាអចិន្ត្រៃយ៍ទេ ។

លោកបញ្ជាក់ថា ខាងផ្នែកនោះជាដែនសមត្ថកិច្ច និងអាជ្ញាធរដែនដី ចំណែកលោកខាងជំនាញគ្មានការគ្រប់គ្រងទីនោះឡើយ ។

បញ្ហាការលក់ដូរនៅអគារសំចតរបស់ភ្ញៀវទេសចណ៍នោះដែរ បើទោះជាមានគំរោងដេញក្រុមអាជីវកនោះ ក៏ដោយ ក៏គេឃើញការដាក់តាំងលក់ជាងដប់ឆ្នាំរហូតមកដល់ពេលនេះ នៅមិនទាន់បានចាត់ការឡើយ ៕ វណ្ណា


ចែករំលែក៖