សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាទាហានអាមេរិក២នាក់បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រ Apache មួយគ្រឿងបានធ្លាក់នៅឯទីវាលមួយនៅក្នុងរដ្ឋ Texas កាលពីថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យផ្ទុះឆេះបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ។
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រខាងលើកើតឡើងនៅឯតំបន់ Bell County ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Austin ដែលជារដ្ឋធានីនៃរដ្ឋ Texas។ អាជ្ញាធរក្នុង តំបន់បានបញ្ជាក់ថាទាហាន២នាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រ Apache ខាងលើបានស្លាប់។ «នៅថ្ងៃនេះ ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ Bell County អំឡុងធ្វើប្រតិបត្តិការ Fort Hood operations ដោយសម្លាប់សមាជិកយោធារបស់យើង២នាក់»។ នេះជាការគូសបញ្ជាក់របស់លោក Greg Abbott ជាអភិបាលរដ្ឋ Texas ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។
មូលដ្ឋានទ័ពអាមេរិក Fort Hood ក៏បានទទួលស្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាឧទ្ធម្ភាគចក្រ AH-64 មួយគ្រឿងបានធ្លាក់ និងទាហាន២នាក់បានស្លាប់ តែមិនទាន់បញ្ជាក់អត្តសញ្ញាណរបស់ទាហានទាំង២នោះនៅឡើយទេ រង់ចាំជូនដំណឹងដល់គ្រួសាររបស់ពួកគេជាមុនសិន ហើយមូលហេតុបណ្ដាលឱ្យធ្លាក់ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច